(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា និងជាអគ្គលេខាធិការរងប្រចាំការសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ចូលរួមកិច្ចប្រជុំគណៈកម្មការការងារលើកទី៣ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)។

ក្នុងតួនាទីប្រធានប្តូរវេន VECONAC ឆ្នាំ២០២២ សមាគមអតីតយុទ្ធជនសង្រ្គាមថៃម្ចាស់ផ្ទះ បានរៀបចំកិច្ចប្រជុំគណៈកម្មការការងារលើកទី៣របស់សហព័ន្ធចាប់ពីថ្ងៃ១០ ដល់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២ នៅប៉ាតាយ៉ា ខេត្តឈុនបុរី ព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីបណ្តាសមាជិកប្រទេសទាំង១០។

កិច្ចប្រជុំនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារដូចខាងក្រោម៖

ទី១៖ សេចក្តីសម្រេចស្តីពីការថែរក្សា និងការការពារព្រឹត្តិការណ៍ប្រវត្តិសាស្ត្រយោធារបស់ប្រទេសសមាជិកនីមួយៗ

ទី២៖ សេចក្ដីសម្រេចស្ដីពីការធ្វើឱ្យប្រសើរឡើងនូវសេចក្ដីថ្លែងការណ៍ស្ដីពីចក្ខុវិស័យ និងបេសកកម្មរបស់VECONAC

ទី៣៖ សេចក្ដីសម្រេចស្ដីពី ការបន្ថែមខ្លឹមសារទង់ក្នុងធម្មនុញ្ញ VECONAC

ទី៤៖ សេចក្ដីសម្រេចស្ដីពីការលើកពេលនៃកិច្ចប្រជុំ VECONAC នៅពេលកើតមានជំងឺរាតត្បាត គ្រោះមហន្តរាយ ឬស្ថានការណ៍មិនអាចគ្រោងទុកណាមួយ

ទី៥៖ សេចក្ដីសម្រេចស្ដីពីការចែករំលែកចំណេះដឹង កិច្ចសហការ និងសកម្មភាពផ្សេងៗរបស់អតីតយុទ្ធជនដែលជាប្រយោជន៍ដល់សមាជិកសហព័ន្ធ

ទី៦៖ សេចក្ដីសម្រេចស្ដីពីការផ្តល់មេដាយភាពជាប្រធាន VECONAC ជូនឧត្តមសេនីយ៍ឯកបម្រុង (និវត្តន៍ជន) NGUYEN VAN DUOC ប្រធានសមាគមអតីតយុទ្ធជនវៀតណាម និងការផ្តល់មេដាយកិត្តិយស VECONAC ជូនឧត្តមសេនីយ៍ទោ (និវត្តន៍ជន) LE VAN CAU ប្រធានស្នងការការបរទេស សម្រាប់កិច្ចខិតខំរបស់ថ្នាក់ដឹកនាំទាំងពីរ និងការរួមចំណែកក្នុងការប្រារព្ធកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៣ និងមហាសន្និបាទលើកទី២០ តាមប្រព័ន្ធវីដេអូដោយជោគជ័យ

និងទី៧៖ សេចក្ដីសម្រេចស្ដីពី ការកោតសរសើរចំពោះប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ៕​