(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងនាមជាប្រធានសមាគមអតីតកម្មសិក្សាការី Jica កម្ពុជា (Jica Alumni of Cambodia) រួមជាមួយសមាជិកជាង ១,០០០នាក់ ដែលជាមន្រ្តីរាជការបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
តាមរយៈសាររំលែកមរណទុក្ខ លោក ជិន ម៉ាលីន បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណ ភាពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។ តាងនាមសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា (Jica Alumni of Cambodia) ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខក៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ»។
លោកបានគូសបញ្ជាក់ថា៖ «ឯកឧត្តម ស៊ីនហ្សូ អាបេ ជារដ្ឋបុរសជប៉ុន លេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមរំលែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងកម្ពុជា-ជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ នឹងនៅតទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀងដរាប»។
សូមបញ្ជាក់ថា លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២៕