(ភ្នំពេញ)៖ លោក រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ បានថ្លែងថានៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២២នេះ គឺជាថ្ងៃដែលទង់ជាតិកម្ពុជាបានបង្ហូតចុះមកត្រឹមពាក់កណ្ដាលដង នៅទូទាំងប្រទេសដើម្បីសម្ដែងនូវការគោរពដឹងគុណ និងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងប្រជាជនជប៉ុនចំពោះមរណភាពរបស់លោក អាបេ ស៊ីនហ្សូ Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្រោយពីខ្មាន់កំាភ្លើងបានបាញ់ប្រហារ នៅថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២២នេះ។

នេះបានន័យថាមរណភាពរបស់លោក អាបេ ស៊ីនហ្សូ Shinzo Abe គឺទង់ជាតិកម្ពុជា ស្ថិតនៅជាមួយក្រុមគ្រួសារនិងប្រជាជនជប៉ុនទូទាំងប្រទេស ដែលកំពុងតែមានទុក្ខយ៉ាងក្រៀមក្រំ ក្នុងគ្រាដ៏តានតឹងនិងសែនលំបាកនេះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើពោលអំពីអត្ថន័យនៃទង់ជាតិកម្ពុជាដែលបង្ហូតពាក់កណ្ដាលដងនៅថ្ងៃនេះ បានប្រាប់ឲ្យយើងដឹងយ៉ាងច្បាស់ថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សូមប្រកាសដល់សាធារណ:មតិជាតិ និងអន្ដរជាតិលើពិភពលោក ថាថ្ងៃនេះកម្ពុជាបានបាត់បង់មហាមិត្ដដ៏ជិតសិទ្ឋិ ដែលមានទំនាក់ស៊ីជម្រៅនិងធំធេង រវាងគ្នានិងគ្នាដែលពុំអាចគណនាបាន។

ដូចនេះមរណភាពលោក អាបេ ស៊ីនហ្សូ Shinzo Abe គឺជាការបាត់បង់មិត្ដដ៏ជិតស្និទ្ធិជាមួយកម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន។

លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះគុណតម្លៃលោក អាបេ ស៊ីនហ្សូ Shinzo Abe ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយលើឆាកជាតិ និងអន្ដរជាតិចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ទន្ទឹមនឹងនេះជាមួយកម្ពុជា គឺលោក អាបេ ស៊ីនហ្សូ Shinzo Abe ជាមិត្ដដ៏ជិតសិទ្ធិជាមួយសម្ដេចតេជោ ហ៊ុន សែន ដោយបានលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣ យ៉ាងប្រពៃបំផុត។

អំពីសាវតារវិញ លោក អាបេ ស៉ីនហ្សូ Shinzo Abe ជាអ្នកនយោបាយកាន់អំណាចយូរជាងគេនៅប្រទេសជប៉ុន និងជាអ្នកនយោបាយតពូជពង្សវង់ត្រកូល តជំនាន់ គឺពីជីតា មកឪពុក រហូតតដល់ចៅ បើនិយាយឲ្យចំពីជីតាខាងម្តាយគឺលោក Nobusuke Kishi មកឪពុករបស់លោកឈ្មោះ Shintaro Abe។

ដូច្នេះចំពោះគុណតម្លៃទំនាក់ទំនងរវាងលោក អាបេ ស៊ីនហ្សូ Shinzo Abe និងសម្ដេចតេជោ ឬ រវាងកម្ពជា-ជប៉ុន ត្រូវបានចារិកក្នុងទង់ជាតិកម្ពុជា និងត្រូវបានប្រជាជនកម្ពុជាចងចាំទុកក្នុងបេះដូងជារៀងរហូត៕