(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅថ្ងៃទី១០ ខែកកក្កដា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃចំនួន៥២វត្ត ក្នុងនោះនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន៥១វត្ត នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ចំនួន១វត្ត។

ក្នុងពិធីប្រគេនទៀនព្រះវស្សា លោក វង សូត ក៏បានជួបសំណេះសំណាលជាមួយលោកយាយលោកតា នៅក្នុងវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែកផងដែរ។

នាឱកាសនោះដែរ លោក វង សូត បានថ្លែងថា៖ «កត្តាសុខសន្តិភាព បាននាំមកការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ មិនថាវិស័យពុទ្ធចក្រ និងអាណាចក្រ ដូច្នោះ យេីងរួមគ្នាថែរក្សាអ្វីដែលមាន និងបន្តការអភិវឌ្ឍន៍ជារាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នបន្តទៀត»

លោក វង សូត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងថ្លែងអំណរគុណដល់លោកយាយលោកតា ប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លងមករហូតដល់បច្ចប្បន្ន ពោលគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំសុខសន្តិភាពមកនូវជូនយេីងទាំងអស់គ្នា។ កត្តាសុខសន្តិភាពនេះ ហេីយដែលបានធ្វេីប្រជាជនមានសិទ្ធិដេីរហេីរពេញលេញ អាចជួបជុំគ្នាដូចពេលនេះ ធ្វេីបុណ្យរួមគ្នា កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែជឿនលឿនទៀត។

បន្ថែមពីនេះលោក វង សូត បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដូចពេលនេះបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋខ្លួនដោយឥតគិតថ្លៃទៀត ពីដូសទី១ ដូសទី២ ទី៣ ទី៤ និងដូសជំរុញដូសទី៥ទៀត ដេីម្បីប្រឆាំងការត្បាតជំងឺកូវីដ១៩»

សូមជម្រាបជូនថា ទៀនព្រះវស្សា និងទេយ្យទាន របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈលោក វង សូត ដែលត្រូវប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន៥២វត្ត ក្នុងនោះមាន៥១វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមួយវត្ត ក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ដោយនៅក្នុងនោះវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក និងវត្តជាច ឃុំជាច ស្រុកកំចាយមារ ក្នុង១វត្តៗទទួលបាន៖ ទៀនវស្សាចំនួន ២គូរ, ស្លាដក់ ចំនួន៥, អង្ករចំនួន ២០០គីឡូក្រាម, មីចំនួន ៣០កេស, ទឹកត្រី ចំនួន១០យួរ, ទឹកសុីអុីវ ចំនួន ១០យួរ, ត្រីខ ចំនួន ០២កេស, ទឹកផ្លែឈេីចំនួន ០៥កេស, ទឹកបរិសុទ្ធ ចំនួន ២០កេស, កាហ្វេ ចំនួន ០១កេសធំ, ទឹកដោះគោខាប់ ចំនួន ០១កេសធំ, តែ ចំនួន ០១កញ្ចប់ធំ, ស្ករស ចំនួន០១បេ។ ដោយឡែកវត្តចំនួន ៥១វត្តទៀត ក្នុងស្រុកពញាក្រែក ក្នុងមួយវត្តៗ ទទួលបានទៀនព្រះវស្សាចំនួន ០១គូរ និងបច្ច័យចំនួន២០ម៉ឺនរៀល ផងដែរ៕