(ភ្នំពេញ)៖ សា្ថនទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ នៅតាមទីតាំង និងកាលបរិច្ឆេទ ដែលមបានកំណត់។

តាមរយៈទំព័រ Facebook បង្ហោះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហាញទីតាំង និងការបរិច្ឆេទ ដូចខាងក្រោម៖

ទី១៖ សា្ថនទូតជប៉ុន នៅរាជធានីភ្នំពេញ កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)

ទី២៖ ទីតាំង៖ ស្ថានទូតជប៉ុន (បន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ)

ជាមួយគ្នានេះដែរ ស្ថានទូតជប៉ុន ក៏បានកំណត់សម្គាល់ជូនសាធារណជនដែលមានដំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ គឺនៅពេលមកដល់ទីតាំងកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខស្ថានទូតថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ, សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម, សូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណស្ថានទូត

សម្រាប់ទីតាំងទី២៖ ការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី១១ ខែកក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច), ទីតាំង៖ ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប (សាលពហុប្រយោជន៍)

ស្ថានទូតជប៉ុន បានបញ្ជាក់ថា នៅពេលមកដល់ទីតាំងកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខការិយាល័យកុងស៊ុលជប៉ុនថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ, សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម និងសូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណការិយាល័យកុងស៊ុលជប៉ុន។

សូមបញ្ជាក់ថា លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២៕