(កំពង់ឆ្នាំង)៖ លោក អ៊ុក សុខា ប្រធាននាយកដ្ឋានបេតិកភណ្ឌជាតិ បានផ្តាំផ្ញើរដល់មន្ទីរវប្បធម៌ និងសិល្បៈខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋត្រូវរួមគ្នាបន្តគ្រប់គ្រងថែរក្សាប្រាសាទសក្ល ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយ បានឃើញពីស្នាដៃរបស់បុព្វបុរសខ្មែរយើងពីជំនាន់ដើម។

ប្រាសាទសក្ល ឬហៅថាប្រាសាទប្រុស ត្រូវបានកសាងនៅចន្លោះសតវត្សទី៨ និងសតវត្សទី៩ ដែលបានកសាងឡើងតាមរចនាបថប្រាសាទកំពង់ព្រះ បើគិតពីអាយុកាលនៃប្រាសាទសក្ល មកដល់ពេលនេះមានអាយុកាលជាង១,០០០ឆ្នាំហើយ។

ដោយមើលឃើញពីសភាពប្រាសាទសក្លនេះមានសភាពកាន់តែទ្រុឌទ្រោមទៅៗ អគ្គនាយកដ្ឋាន ដែលមាននាយកដ្ឋានថែរក្សាបេតិកភណ្ឌជាតិ បានធ្វើការជួស ជុលតួរប្រាសាទមួយចំនួនដែលមានស ភាពទ្រុឌទ្រោម ឱ្យមានសភាពរឹងមាំឡើងវិញដើម្បីទប់ស្កាត់ក្រែងមានការបាក់ស្រុតដោយប្រការណាមួយ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះថា «ប្រាសាទសក្លនេះ ត្រូវបានក្រុមការងារអគ្គនាយកដ្ឋាន ដែលមាននាយកដ្ឋានបេតិកភណ្ឌជាតិ ដឹកនាំដោយលោក អ៊ុក សុខា ប្រធាននាយកដ្ឋានបេតិកភណ្ឌជាតិ បានធ្វើការជួសជុលអស់រយៈពេលជិត៣ខែមកហើយ ទើបតែធ្វើពិធីប្រគល់ទទួលជូនដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋានគ្រប់គ្រងបន្តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ពិធីប្រគល់និងទទួលប្រាសាទសក្ល ដែលទើបនឹងធ្វើការជួសជុលរួចខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុក សុខា ប្រធាននាយកដ្ឋានបេតិកភណ្ឌជាតិ។»

លោក សុខ ធួក បានបញ្ជាក់ទៀតថា បច្ចប្បន្នទីធ្លាប្រាសាទសក្លមានសភាពតូចចង្អៀត ដែលមិនអាចចតយានយន្តរបស់ភ្ញៀវទេសចរបានទេ។ ដូច្នេះ ក្នុងនាមលោកជាប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្នើសុំអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួល ពង្រីកទីធ្លាប្រាសាទឱ្យបានធំទូលាយសម្រាប់ទទួលភ្ញៀវទេសចរ ដែលមកលេងកម្សាន្តអាចចតយានយន្ត៕