(បាត់ដំបង)៖ រថយន្តរបស់ឈ្មួញថៃមួយគ្រឿងដែលដឹកបំពានច្បាប់ដឹកជញ្ជូនរបស់កម្ពុជា ត្រូវបានយកចេញពីការឡោមព័ទ្ធរបស់ប្រជាពលរដ្ឋហើយ បន្ទាប់ពីមេខ្លោងជាអ្នកនៅពីក្រោយនៃចលនាតវ៉ានេះត្រូវបានវែកមុខជាសាធារណៈ។

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹក បានឆ្មក់ចុះថ្លឹងរថយន្តដឹកជញ្ជូននៅលើផ្លូវ៥៩ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយចាប់បានរថយន្តរបស់ឈ្មួញថៃពីរគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកពោតចេញពីកម្ពុជា ឆ្ពោះទៅច្រកអូររំដួលចេញទៅប្រទេសថៃ។

បន្ទាប់ពីការថ្លឹងរថយន្តពីរគ្រឿងនេះ មួយគ្រឿងមានទម្ងន់សរុប ៨២តោន លើសទម្ងន់កំណត់ជាង ៤០តោន និងមួយគ្រឿងទៀត មានទម្ងន់ ៦៤តោន លើសទម្ងន់កំណត់ជាង ២០តោន។ រថយន្តនេះ គឺដឹកលើសទម្ងន់កំណត់ច្រើនជាង ២០ភាគរយ។ ទម្ងន់ដែលបានដឹកលើសនេះ យោងទៅតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ គឺតម្រូវឱ្យរើទំនិញចេញ ហើយឃាត់រថយន្តទុកមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀលក្នុងមួយតោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួនពីរឆ្នាំ។

បន្ទាប់ពីរកឃើញការដឹកទម្ងន់ល្មើសនឹងច្បាប់បែបនេះ ក្រុមការងារជញ្ជីងចល័ត ដែលដឹកនាំដោយលោក ឯក រដ្ឋ បានណែនាំឱ្យអ្នកបើករថយន្តថៃ បើកយករថយន្តទៅរក្សាទុកស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មាក្នុងក្រុងបាត់ដំបង។ ពេលកំពុងបើករថយន្តឆ្ពោះទៅកាន់កន្លែងរក្សាទុកនោះ អ្នកបើកបររថយន្តថៃមួយគ្រឿងដឹកលើសជាង ៤០តោននោះ មិនបានបើកទៅគោលដៅនោះទេ គឺបានបើកចូលកន្លែងប្រមូលទិញពោតមួយកន្លែង (អ្នកតំបន់នោះហៅសៃឡ) ស្ថិតនៅក្បែររង្វង់មូលច្រកអូររំដួល ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ហើយឈប់រថយន្តរត់គេចខ្លួនបាត់ទៅ។ បើតាមកម្មករបម្រើការងារនៅកន្លែងប្រមូលទិញពោតនេះ បានប្រាប់ឱ្យដឹងថា អ្នកបើកបររូបនេះធ្លាប់ត្រូវបានអាជ្ញាធរថៃចាប់ដាក់ពន្ធនាគារព្រោះការដឹកលើសទម្ងន់ ទើបគេភ័យខ្លាចជាប់ពន្ធនាគារជាថ្មី ទើបបង្ខំបើករថយន្តចូលទៅកន្លែងប្រមូលទិញដំឡូង ដើម្បីរត់គេចខ្លួន។ សូមបញ្ជាក់ថា នៅពេលបើកបររថយន្តនេះ ក៏មានសមត្ថកិច្ចខ្មែរនៅអមជាមួយគេបានដែរ តែមិនអាចធ្វើអ្វីអ្នកបើកបរបាននោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ផ្សេងៗ ទើបបណ្តោយឱ្យអ្នកបើកបរបើករថយន្តចូលកន្លែងប្រមូលទិញដំឡូងនោះតែម្តងទៅ។

ដោយឡែករថយន្តមួយគ្រឿងទៀត ត្រូវបានបើកដល់គោលដៅរក្សាទុកដោយសុវត្ថិភាព។ បុរសជនជាតិថៃជាអ្នកស៊ីឈ្នួលបើករថយន្តឱ្យឈ្មួញថៃ រួមជាមួយភរិយានៅលើរថយន្តនេះដែរនោះ បានបង្ហាញការភ័យជាខ្លាំង ព្រោះខ្លាចត្រូវជាប់ពន្ធនាគារ។ បើតាមអ្នកបើកបរជនជាតិថៃរូបនេះ នៅក្នុងប្រទេសថៃមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរសម្រាប់អ្នកបើកបរលើសទម្ងន់ ពោលគឺត្រូវចាប់ដាក់ពន្ធនាគារ អាស្រ័យហេតុនេះហើយទើបពួកគេភ័យណាស់នៅពេលរថយន្តដែលគេបើកត្រូវបានរកឃើញថាដឹកលើសទម្ងន់ដោយច្បាប់នោះ។

និយាយពីរថយន្តមួយគ្រឿងដែលអ្នកបើកបរបើកគេចចូលកន្លែងប្រមូលទិញដំឡូងនោះវិញ នៅពេលក្រុមជញ្ជីងចល័តចូលទៅដើម្បីបើកយកទៅកាន់គោលដៅរក្សាទុកនោះ ស្រាប់តែមានប្រជាពលរដ្ឋមួយចំនួនដែលអះអាងថា ជាអ្នកកសិករដាំពោត និងជាអ្នករកស៊ីប្រមូលទិញពោតលក់ទៅឱ្យថៃ បានចេញមករារាំងមិនឱ្យយកចេញនោះឡើយ។ ពួកគេបានទាមទារឱ្យសមត្ថកិច្ចខ្មែរដោះលែងរថយន្តត្រឡប់ទៅថៃវិញ ដោយពួកគេលើកហេតុផលថា បើចាប់រថយន្តឈ្មួញថៃ គឺឈ្មួញថៃលែងចូលមកទិញពោតរបស់ពួកគាត់ទៀតហើយ។

បើទោះបីមានការពន្យល់ពីទិដ្ឋភាពច្បាប់របស់ខ្មែរពាក់ព័ន្ធការដឹកជញ្ជូន ពីព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង លោក កែវ សុជាតិ ក៏ដូចជាមន្ត្រីជញ្ជីងចល័ត និងអាជ្ញាធរស្រុក ហើយសុំឱ្យពួកគេរំសាយការតវ៉ា ដោយរង់ចាំដំណោះស្រាយជាក្រោយយ៉ាងណាក្តី ក៏ពួកគេមិនព្រមរំសាយនោះឡើយ។ ក្រុមអ្នកតវ៉ានៅតែបន្តទាមទារឱ្យដោះលែងរថយន្តឈ្មួញថៃដែលដឹកលើសទម្ងន់នេះ។ បើទោះបីមានការដាក់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍យ៉ាងណាក្តី ក៏ក្រុមអ្នកតវ៉ាមិនរំសាយ ហើយបាននាំគ្នាបន្ធូកង់រថយន្តទាំងអស់។ បន្ទាប់ពីការសម្របសម្រួលដើម្បីបំបែកការតវ៉ានោះមិនទទួលបានជោគជ័យ ទាំងព្រះរាជអាជ្ញា មន្ត្រី និងអាជ្ញាធរ ក៏បានចាកចេញពីទីតាំងនោះនៅវេលាម៉ោងប្រមាណជា ១០យប់។

គេបានរកឃើញថា ការតវ៉ា ការចេញមករារាំងរបស់ប្រជាពលរដ្ឋមិនឱ្យយករថយន្តដឹកលើសទម្ងន់របស់ឈ្មួញថៃនេះ មានការរៀបចំចលនា និងញុះញង់ ពីក្រុមឈ្មួញខ្មែររកស៊ីប្រមូលទិញពោតនៅតាមព្រំដែននោះ។ ជាពិសេសមន្ត្រីយោធាពាក់ស័ក្តិ ឈ្មោះ រោង សារឹម មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង។

មន្ត្រីយោធាឈ្មោះ រោង សារឹម ត្រូវបានគេឱ្យរហស្សនាមស្តេចត្រាញ់ជាញដែន ដែលជាអ្នករកស៊ីជាមួយឈ្មួញថៃ ហើយក៏ជាអ្នករត់ការ ឬកាងរាល់ការដឹកជញ្ជូនលើសទម្ងន់ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ភ្នំព្រឹក ជាពិសេសសម្រាប់ការដឹកជញ្ជូនចេញចូលទៅថៃតាមច្រកអូររំដួល។

មន្ត្រីយោធា ឈ្មោះ រោង សារឹម និងក្រុមឈ្មួញខ្មែរដែលប្រមូលទិញពោតតាមព្រំដែនដើម្បីលក់ទៅឱ្យឈ្មួញថៃ ពួកគេបានយកប្រជាពលរដ្ឋជាខែលការពារការរកស៊ីដឹកលើសទម្ងន់របស់ពួកគេ។ ពួកគេបានប្រាប់ប្រជាពលរដ្ឋថា បើមិនឱ្យពួកគេដឹកលើសទម្ងន់ គឺពួកគេរកស៊ីមិនចំណេញ ហើយក៏មិនអាចទិញពោតរបស់ប្រជាកសិករក្នុងតម្លៃមួយថ្លៃនោះដែរ។ ដូច្នេះពួកគេជំរុញឱ្យប្រជាពលរដ្ឋចេញតវ៉ាប្រឆាំងនឹងមន្ត្រីជញ្ជីងចល័តឱ្យបញ្ឈប់សកម្មភាពចុះចាប់រថយន្តរបស់ឈ្មួញថៃដែលដឹកលើសទម្ងន់ទាំងនោះ។

ឧបាយកលខិលខូចរបស់មន្ត្រីយោធា ឈ្មោះ រោង សារឹម និងក្រុមឈ្មួញប្រមូលទិញពោតយកពលរដ្ឋធ្វើជាខែលបិទបាំងការរកស៊ីទុច្ចរិតរបស់ខ្លួន ត្រូវបានលាតត្រដាងដោយមន្ត្រី ហើយក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរ។

បន្ទាប់ពីការបង្ហាញមុខមនុស្សនៅពីក្រោយនៃការញុះញង់តាមបណ្តាញព័ត៌មាន Fresh News ហើយទៅ។ បាតុភាពនៃការប្រមូលផ្តុំ និងការតវ៉ារបស់ប្រជាពលរដ្ឋកើតចេញពីការរៀបចំរបស់ក្រុមឈ្មួញទាំងនេះ ត្រូវបានរំសាយផងដែរ។

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២នេះ លោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជញ្ជីងចល័ត ដោយមានការចូលរួមពីអភិបាលរងខេត្តបាត់ដំបង លោក ឯក រដ្ឋ និងអាជ្ញាធរស្រុកផងនោះ បានចូលទៅយករថយន្តនោះចេញទៅកន្លែងរក្សាទុកនៅស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មា ក្នុងក្រុងបាត់ដំបង ដោយជោគជ័យ និងសុវត្ថិភាព គ្មានការរារាំងទៀតនោះឡើយ។

បន្ទាប់ពីការរំដោះរថយន្តចេញពីការឡោមព័ទ្ធបានហើយនោះ លោក ឯក រដ្ឋ បានទទូចដល់ក្រុមឈ្មួញប្រមូលទិញពោតពីកសិករឱ្យចូលរួមគោរពច្បាប់ស្តីពីការដឹកជញ្ជូនរបស់កម្ពុជា ហើយមិនគួរសមគំនិតបើកផ្លូវឱ្យរថយន្តឈ្មួញថៃចូលមកដឹកលើសទម្ងន់បំផ្លាញផ្លូវរបស់ខ្មែរនោះទេ។ ទង្វើនេះ គឺជាការឃុបឃិត គឺជាការបើកផ្លូវមួយឱ្យជនបរទេសមកបំផ្លាញប្រយោជន៍របស់ខ្មែរ។

លោក ឯក រដ្ឋ ក៏បានអំពាវនាវដល់ប្រជាកសិករឱ្យមានការពិចារណាល្អិតល្អន់មុនធ្វើសកម្មភាពណាមួយ ដោយមិនត្រូវជឿតាមការញុះញង់ ការអុជអាលរបស់ក្រុមឈ្មួញរហូតក្លាយជាអ្នករងគ្រោះប្រឆាំងការអនុវត្តន៍ការងាររបស់មន្ត្រី ដើម្បីតែប្រយោជន៍របស់ឈ្មួញនោះឡើយ។

ទន្ទឹមនឹងនេះ ក៏មានសាធារណៈមតិមួយចំនួន បានអំពាវនាវទៅកាន់ក្រុមឈ្មួញខ្មែរផងដែរ ឱ្យមានសុចរិតភាពក្នុងការរកស៊ី សូមមានបេះដូងជាខ្មែរ កុំដើម្បីតែភាពមានបានរបស់ខ្លួនដាច់ចិត្តយកកសិករធ្វើជាឈ្នាន់ ដាច់ចិត្តបើកផ្លូវឱ្យជនបរទេសមកបំផ្លាញសម្បត្តិរបស់ខ្មែរ។ សាធារណៈមតិ ក៏បានអំពាវនាវដល់ក្រុមឈ្មួញទាំងនេះ ឱ្យចេះអាណិតកសិករពេលទិញកសិផលរបស់ពួកគាត់ កុំចេះតែដាក់ថ្លៃលើបបូរមាត់របស់ខ្លួន។ ចូរក្រឡេកមើលពីការលំបាករបស់កសិករក្នុងការដាំដុះផង។ សូមយកចំណេញក្នុងកម្រិតមួយដែលអាចរស់ទាំងអស់គ្នា រស់ទាំងឈ្មួញ រស់ទាំងកសិករ។ កុំឈ្មួញជិះរថយន្តទំនើប ពាក់មាសជ្រែកខ្លួន ផ្ទះធំទ្រនំខ្ពស់អស់ហើយ កសិករដាំមួយរដូវៗទូទាត់ថ្លៃដើមមិនរួចនោះ៕

ខាងក្រោមនេះ គឺក្រុមមនុស្សដែលលោក រោង សារឹម បានប្រើដើម្បីទៅរារាំងមិនឲ្យយករថយន្តដែលដឹកទំនិញលើសទម្ងន់៖