(ស្រីលង្កា)៖ តម្លៃខូចខាតនៃការបាក់ស្រុតដី និងទឹកជំនន់ នៅក្នុងប្រទេសស្រីលង្កា នឹងមានចម្លោះពី១,៥ ដល់២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាអប្បបរមា នេះបើតាមរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះ ខណៈប្រទេសជាកោះស្ថិតនៅមហាសមុទ្រឥណ្ឌាមួយនេះ កំពុងពុះពារ ស្តារប្រទេសឡើងវិញ ពីគ្រោះធម្មជាតិដ៏អាក្រក់របស់ខ្លួន ចាប់តាំងពីគ្រោះរលក្សយក្សនៅតំបន់អាស៊ី កាលពីឆ្នាំ២០០៤ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ។
សរុបការស្លាប់ជាផ្លូវការ បានកើនឡើងដល់៩២នាក់ហើយ ប៉ុន្តែមានមនុស្ស១០៩នាក់ទៀត ត្រូវបានគេសង្ស័យថាបានកប់ នៅក្នុងគ្រោះបាក់ស្រុតដី។ រយៈពេលជាច្រើនថ្ងៃ នៃព្យុះភ្លៀង បានបង្ខំឲ្យមនុស្សជាង ៣៥០,០០០នាក់ ចាកចេញពីផ្ទះរបស់ខ្លួន បើទោះបីជាមានមនុស្សជាច្រើន បានកំពុងវិលត្រឡប់មកវិញក្តី នៅថ្ងៃចន្ទនេះ។
លោក Ravi Karunanayake រដ្ឋមន្ត្រីហិរញ្ញវត្ថុ បានឲ្យដឹងថា ផ្ទះជាង១២៥,០០០ខ្នង និងកន្លែងធ្វើពាណិជ្ជកម្មតូចនិងមធ្យមជាង ៣០០,០០០កន្លែង ត្រូវបានបំផ្លាញ ឬក៏ខូចខាត។ «តម្លៃនៃការខូចខាតអប្បបរមានេះ មិនរួមបញ្ចូលទាំងការខូចខាតយាន្តយន្ត, បរិក្ខា និងគ្រឿងយន្តនោះទេ។ យើងជម្រុញឲ្យមានការបរិច្ចាកពីបរទេស នូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយរបស់ពួកគេ តាមរយៈរដ្ឋាភិបាល» នេះបើតាមការបន្ថែមពីលោក Ravi Karunanayake៕