(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន សខេង ភរិយារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានបច្ច័យដល់ព្រះសង្ឃចំនួន៣៣វត្ត ក្នុងខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសលជូនមាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ មន្រ្តីរាជការនានាជុំវិញខេត្ត ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការ ស.ស.យ.ក ខេត្តបាត់ដំបង។
សម្រាប់ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង៣៣ វត្ត ដោយវត្តនីមួយៗទទួលបានទៀនវស្សា១គូរ ស្លាដក់១ អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ១កេសធំ ទឹកក្រូច៣កេស ទឹកសុទ្ធ២កេស ទឹកដោះគោខាប់១កេស ទឹកត្រី ស៊ីអ៊ីវប៤យួរ សៀង២ធុង ប្រេងឆា២ធុង ស្ករស២៥គីឡូក្រាម អំបិល១០កញ្ចប់ ប៊ីចេង២គីឡូក្រាម និងថវិកាមួយចំនួន។
ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។
ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថាព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះ ទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាសតកូន តចៅរហូតមកដល់បច្ចុប្បន្ន៕