(ព្រះវិហារ)៖ សត្វខ្ទីងចំនួន ២ក្បាល (មេ១កូនតូច១) ត្រូវបានគេប្រទះឃើញនៅជាមួយហ្វូងគោស្រុកដើររកស៊ីក្នុងព្រៃ នៅខេត្តព្រះវិហារ។ មន្ត្រីឧទ្យានុរក្សសន្និដ្ឋានថាខ្ទីងទាំង២ក្បាលនេះ អាចដាច់ហ្វូង និងមកចូលជាមួយហ្វូងគោ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថាន បង្ហោះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ។
ជុំវិញការប្រទះឃើញមេ និងកូនខ្ទីងកំពុងស៊ីស្មៅជាមួយហ្វូងគោស្រុកនេះ ក្រុមមន្ត្រីឧទ្យានុរក្ស និងសហគមន៍បាននឹងកំពុងតាមដានបន្ថែម។
ពាក់ព័ន្ធនឹងវត្តមានសត្វខ្ទីង ដែលប្រភេទសត្វជិតផុតពូជលើពិភពលោកនេះ, លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ពីប្រវត្តិរបស់សត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូង និងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីងត្រូវបានសិក្សាថា មានការថយចុះជាង ៨០%ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ៩០% ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។
អ្នកនាំពាក្យរូបនេះ បានបន្តថា តាមការសិក្សារបស់អ្នកជំនាញសត្វខ្ទីងនៅកម្ពុជា មានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ១៩៦០ មកដល់ដើមឆ្នាំ១៩៩០។ ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ បើទោះបីជាការសិក្សាបានបង្ហាញថាចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយប្រជាសាស្ត្រសត្វខ្ទីង មាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា។
យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥,០០០ ទៅ ៣៥,០០០ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦,០០០ ទៅ ២១,០០០ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃ និងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។
ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា មិនទាន់មានទិន្នន័យច្បាស់លាស់ថានៅកម្ពុជា នៅសល់សត្វខ្ទីងចំនួនប៉ុន្មានឡើយ តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិនានា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា។ នៅក្នុងហ្វូងខ្ទីង ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីង និងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថាសត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។
យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២,០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង៥០០ ទៅជាង១,០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។
សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១.៥តោន។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ ការដាក់អន្ទាក់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរផ្សេងទៀត ព្រមទាំងការឆ្លងជំងឺពីសត្វស្រុក។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ អន្ទាក់ និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ដែលចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តច្បាប់លើកិច្ចការពារ និងគ្រប់គ្រងអភិរក្សជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ ការការពារឱ្យបានល្អប្រសើរនូវតំបន់ការពារធម្មជាតិដែលជាទីជម្រករបស់សត្វព្រៃ និងថែរក្សាប្រភពទឹក និងប្រភពចំណីអាហាររបស់សត្វព្រៃ ក៏ដូចជាការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈសំខាន់នៃការថែរក្សាព្រៃឈើសត្វព្រៃដើម្បីអនុញ្ញាតឱ្យជីវៈចម្រុះជាពិសេសសត្វកម្រដែលជិតផុតពូជនៅលើពិភពលោកបន្តរស់នៅ និងបន្តពូជបន្សល់ទុកជាសម្បត្តិធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រសួងបរិស្ថាននឹងបន្តសហការជាមួយអង្គការដៃគូនានាដែលបានសហការក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជាដើម្បីថែរក្សាការពារឱ្យបានគង់វង្សនូវធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ។
ដើម្បីចូលរួមការពារ និងអភិរក្សសត្វព្រៃជាពិសេសសត្វព្រៃកម្រៗ នៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។
ក្រសួងបរិស្ថានស្នើសុំប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងអភិរក្សសត្វព្រៃ និងសូមនិយាយថាទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយ និងលុបបំបាត់របរចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕