(ឆ្លូង-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅជួបសំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋអ្នកបោះឆ្នោត ក្នុងកម្មវិធីអបអរសាទរជ័យជម្នះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេណសាលារៀន ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ក្រុង និងឃុំសង្កាត់ នៃខេត្តក្រចេះ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក និងក្រុមប្រឹក្សាឃុំជាប់ឆ្នោតថ្មី រួមជាមួយតំណាងគ្រួសារប្រជាពលរដ្ឋក្នុងឃុំ ព្រែកសាម៉ាន់ទាំងមូល សរុបមានអ្នកចូលរួមទាំងអស់ចំនួនប្រមាណជាង ២ ២០០នាក់។
ជាបឋមលោក ហេង សុ ថា អភិបាលស្រុក និងជាប្រធានគណបក្សស្រុក បានធ្វើរបាយការណ៍សង្ខេបស្ដីពីស្ថានភាពទូទៅក្នុងស្រុកពីដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក ដែលនៅតាមឃុំទាំង៨ក្នុងស្រុកឆ្លូង គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ហើយដោយឡែកប្រជាជននៅឃុំព្រែកសាម៉ាន់ ៩០ភាគរយ បានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនឱ្យដណ្តើមបានជោគជ័យទាំងស្រុងដោយទទួលអាសនៈទាំងអស់ទាំង៧។
បន្ទាប់មក លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិសំណេះសំណាល និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់ បងប្អូនប្រជាពលរដ្ឋអ្នកបោះឆ្នោតក្នុងខេត្តក្រចេះទាំងមូល ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រែកសាម៉ាន់ ដែលបានបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឆន្ទៈស្រឡាញ់និងការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍ និងវិបុលភាពសង្គមជាតិតទៅអនាគតសម្រាប់កូនចៅយើងជំនាន់នេះ និងជំនាន់ក្រោយទៀត។
លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានគូសបញ្ជាក់ថា ក្រោមដំបូលសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងនៅតែមានស្ថិរភាពនយោបាយយ៉ាងរឹងមាំ ប្រជាជនមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវិបុលភាពជាលំដាប់។ ក្នុងកាលៈទេសៈវិបត្តិសកលនៃជំងឺកូវីដ១៩ ប្រជាជនកម្ពុជាអាចរួចចាកពីគ្រោះចង្រៃកាចសាហាវនេះបាន អាស្រ័យដោយសារចលនាជាតិប្រយុទ្ធទប់ស្កាត់ និងយុទ្ធសាស្រ្តវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីកសាងភាពធនក្នុងសហគមន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលការគាំទ្រ និងចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាទីបញ្ចប់ លោករដ្ឋមន្រ្តី ប្រធានក្រុមការងារខេត្តក្រចេះ បានអំពាវនាវដល់មន្រ្តីក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំពុះពារបំពេញភារកិច្ច ធ្វើអំពើល្អជាប់ជានិច្ច សកម្មបម្រើសេវាសាធារណៈមូលដ្ឋាន ជួយគាំពារ ជីវភាព និងសុខមាលភាពប្រជាជន ដើម្បីប្រឈមនិងជំនះបានរាល់ផលវិបាកនៃវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ដ៏ទៃទៀតបណ្តាលមកពីភាពមិនប្រាកដប្រជានៃវិបត្តិសាកលលោកនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព វឌ្ឍនភាព វិបុលភាពសង្គម សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខទៀត លោករដ្ឋមន្រ្តីក៏បានសំណូមពរប្រជាពលរដ្ឋទាំងអស់ត្រូវត្រងត្រាប់សេចក្តីអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តចូលរួមចលនាទប់ស្កាត់ និងគ្រប់គ្រង កូវីដ-១៩ ដោយត្រូវទៅចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ទី៤ និងទី៥ ជាបន្តទៀត សំដៅពង្រឹងភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ រួមចំណែកបង្កឱកាសខ្លាំងក្លាថែមទៀតដល់ការបើកទូលាយសកម្មភាពសេដ្ឋកិច្ច សង្គមជាតិប្រកបដោយប្រក្រតីភាពជាធម្មតាឡើងវិញ។
ក្នុងឱកាសនោះដែរ ក្រុមការងារបានផ្តល់ថវិកាដល់វិហារ (ម៉ាស្ជិទ) ទាំង១៤ នៅក្នុងឃុំព្រែកសាម៉ាន់ ដោយក្នុង១ម៉ាស្ជិទទទួលបានថវិកា៥០០ ០០០ រៀល និងជូនអនុស្សាវរីយដល់អ្នកចូលរួមទាំងអស់ម្នាក់ៗទទួលបានប័ណ្ណ សរសើរមួយសន្លឹក ក្រមាមួយ និង ថវិកាមួយចំនួន។
សូមបញ្ជាក់ថា នៅមុនពេលចាប់ផ្តើមកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំព្រែកសាម៉ាន់ លោក ព្រុំ សុខា ក៏បានរៀបចំពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និង ថវិកាប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តព្រែកសាម៉ាន់ ស្ថិតក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះផងដែរ៕