(សៀមរាប)៖ ស្រ្តីទេសចរណ៍ជនជាតិអាមេរិកកាំងម្នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារស្រវឹងស្រា ហើយធ្លាក់ពីលើសណ្ឋាគារជាន់ទី២ យីហោ FUNKYFLASH PACKER និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអន្ដរជាតិ Royal Angkor ខេត្ដសៀមរាប។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារ FUNKYFLASH PACKER ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សាក្សីបានឲ្យដឹងថា ស្ដ្រីបរទេសរូបនេះ បានផឹកស្រវឹងតាំងពីយប់ រួចហើយនៅម៉ោងកើតហេតុខាងលើ ស្រាប់តែអង្គុយក្បែរមាត់បង្អួច នៃសណ្ឋាគារនោះ មិនបានប្រុងប្រយ័ត្នស្របពេលដែលខ្លួន មានអាការៈស្រវឹងស្រាផងនោះ ទើបធ្លាក់មកដីបណ្ដាលឲ្យរបួសធ្ងន់តែម្ដង។
មន្ដ្រីកងរាជអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Worthy Rachel Marie អាយុ៣១ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍។
មន្រ្តីអាវុធហត្ថបានបន្តថា មូលហេតុដែលនាំឲ្យស្ត្រីជនជាតិអាមេរិកម្នាក់នេះ បានធ្លាក់ពីលើសណ្ឋាគារនៅជាន់ទី២ ដោយសារស្ត្រីរូបនេះបានផឹកស្រា ស្រវឹង។
បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ Royal Angkor International ហើយមកដល់ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយ។
បើតាមសម្តីរបស់គ្រូពេទ្យ ប្រហែលសង្ឃឹមរស់តិចណាស់ ដោយសាររងរបួសធ្ងន់៕