(ភ្នំពេញ)៖ ក្នុងន័យលើកជើងបក្ខពួកខ្លួនដែលជាក្រុមតែមួយ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បែរជាចាត់ទុកជនល្មើសមួយចំនួនដូចជា លោក អ៊ុំ សំអាន, លោក អ៊ូរ វីរៈ និងមន្ត្រីសមាគមអាដហុក រួមទាំងលោក នី ចរិយា អគ្គលេខាធិការរង (គជប) ផងថា ជា «កញ្ចក់» សំរាប់ឆ្លុះ។
លោក អេង ឆៃអ៊ាង លើកឡើងបែបនេះ ហាក់មានចេតនាបំភ័ន្តមតិសាធារណៈ ធ្វើឲ្យមានការយល់ច្រឡំទៅ នឹងអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល»។ អភិក្រមនេះ ត្រូវបានប្រកាស ដាក់ឲ្យមន្ត្រីចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិអនុវត្ត គឺស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៥។
ជាក់ស្តែងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលអាណត្តិទី៥នេះ សម្រេចបានដោយប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» មានដូចជា ការកែទម្រង់វិជ្ជាជីវៈគ្រូពេទ្យក្នុងវិស័យសុខាភិបាល ការកែទម្រង់ប្រព័ន្ធអប់រំក្នុងវិស័យអប់រំ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ កិច្ចការពារបរិស្ថាន ការបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈជូនពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ និងការធានាបាននូវស្ថិរភាព និងការអភិវឌ្ឍចំបញ្ហារបស់ប្រជាពលរដ្ឋជាដើម។ល។
វាជារឿងដ៏គួរឲ្យអស់សំណើចដែលលោក អេង ឆៃអ៊ាង បានចាត់ទុកជនល្មើស ដែលបានប្រព្រឹត្តបទបរិហាកេរ្តិ៍ បទល្មើសសូកប៉ាន់សាក្សី សមគំនិតសូកប៉ាន់សាក្សី និងបទល្មើសជាក់ស្តែង ក្នុងការក្លែងបន្លំឯកសារសាធារណៈថា ជាកញ្ចក់សំរាប់ឆ្លុះ។ ផ្ទុយទៅវិញ កញ្ចក់ដែលលោក អេង ឆៃអ៊ាង លើកឡើងនេះ វាបានឆ្លុះបញ្ចាំងឲ្យឃើញនូវក្អែលយ៉ាងច្រើនរបស់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលដុសមិនចេញ ឬពិបាកលាងឲ្យជ្រះណាស់ ដូចករណី លោក សម រង្ស៊ី លោក កឹម សុខា និងលោក អ៊ុំ សំអាន ជាដើម គឺសុទ្ធសឹងតែជាប់ពាក់ព័ន្ធទៅ នឹងការប្រព្រឹត្តបទល្មើសជាច្រើន រួមនឹងការរុំព័ទ្ធទៅដោយរឿងអាស្រូវស្នេហាលួចលាក់ និងប្រព្រឹត្តអំពើពុករលួយជាដើម។
ករណីលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយបានព្យាយាមក្លែងបន្លំឯកសារសាធារណៈ និងបង្ហោះព័ត៌មានភូតភរកុហកជាច្រើន ជាពិសេសការបំពុលព័ត៌មានថា រាជរដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ ក្នុងគោលបំណងញុះញង់ ឱ្យមានការរើសអើងជាតិសាសន៍ ក៏ដូចជាបង្កចលាចលនៅក្នុងសង្គម។
ករណីមន្ត្រីអាដហុក និងអគ្គលេខាធិការរង គណកម្មាធិការជាតិរៀបចំបោះឆ្នោត (គជប) ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នថ្មីៗនេះ គឺដោយសារពួកគាត់បានព្យាយាមប្រើប្រាស់សំណូក ដើម្បីជំរុញឲ្យសាក្សី ផ្តល់សក្ខីកម្មក្លែងក្លាយ ហើយអ្នកទាំងអស់នេះ ក៏បានសារភាពទទួលស្គាល់កំហុស របស់ខ្លួនរួចហើយដែរ។ បើតាមចម្លើយសារភាពរបស់មន្ត្រីអាដហុក និងអគ្គលេខាធិការរង (គជប) គឺដោយសារពួកគេផ្សំគំនិត ចូលរួមជួយការពាររឿងអាស្រូវ ពេស្យាកម្មរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ចំណែកករណីលោក អ៊ូរ វីរៈ អ្នកវិភាគនយោបាយរូបនេះ បានលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជាថា រឿងដែលកើតមានឡើងចំពោះ គណបក្សសង្គ្រោះជាតិ ជាពិសេសរឿងរ៉ាវស្នេហាលួចលាក់របស់លោក កឹម សុខា ជាមួយកញ្ញា ខុម ចាន់តារ៉ាតី ឬស្រីមុំ និងស្រីក្មេងៗជាច្រើនទៀត សុទ្ធតែជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា។ ការចោទប្រកាន់ដោយគ្មានភ័ស្តុតាំង និងមូលដ្ឋានច្បាស់លាស់នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក អ៊ូ វីរៈ ពីបទបរិហាកេរ្តិ៍។
កញ្ចក់ គឺតំណាងឲ្យភាពថ្លា បរិសុទ្ធ រួចចុះជនដែលត្រូវបានចាប់ខ្លួន ជាមនុស្សប្រភេទណា? ពួកគេទាំងអស់នោះ គឺសុទ្ធសឹងតែពាក់ព័ន្ធបទល្មើស បង្កភាពវឹកវរ ចលាចល ប្រព្រឹត្តក្បត់សតិសម្បញ្ញៈកាន់ជើងជនល្មើស មានចេតនាចង់ឲ្យសង្គមជាតិច្របូកច្របល់។ តើពួកគេស័ក្តិសមជាកញ្ចក់ដែរឬទេ? តើជារបាំង ឬជាកញ្ចក់សំរាប់ការពាររឿងអាស្រូវស្នេហាលួចលាក់របស់ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែរឬទេ?