(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងចាប់ផ្តើម ប្រារព្ធឡើង នៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ ក្រោមព្រះរាជអធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

ខាងក្រោមនេះជាប្រវត្តិខ្លះៗ នៃព្រះរាជពិធីបុណ្យ​ ច្រត់ព្រះនង្គ័ល៖
ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺមានប្រវត្តិដ៏យូរលង់ណាស់ មកហើយ។ ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេកជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា  ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត (បច្ចុប្បន្ន ប្រជានុរាស្ត្រខ្មែរ ប្រកបមុខរបរធ្វើស្រែ ចម្ការ ពី ៨៣ ទៅ ៨៥%)។

តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិ​របស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។

តាម​ទម្លាប់​ពិធី​នេះ​ធ្វើឡើង​ក្នុង​ការ​ផ្សង មើលប្រថ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ ស៊ីផឹក របស់ “ គោ​ឧសភរាជ ”។​ គោ​១​នឹម  ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «គោ​ឧសភរាជ» ក៏​មាន​កំណត់​ក្នុង​លក្ខណៈតាមបែប​និយម​បច្ចុប្បន្ន ​គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាងខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។ គោ២ នឹម​ទៀត ដែលសម្រាប់​ ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិន​ទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់​ប្រើ​មក ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម ។​ ឯ​ «គោ​ឧសភរាជ» នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង ​និង​ពាក់​សំពត់​កម្រាល​ សម្បុរ​ក្រហម​លើ​ខ្នង​ផង ។ ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ឯ​ចន្ទោល​ព្រះ​នង្គ័ល​ សំរាប់​អ្នកតំណាង​ព្រះអង្គ​នោះ​មាន​លក្ខណៈ​ពិសេស​គឺ​ធ្វើ​ជា​រូប​នាគ​ លាបថ្នាំ​ពណ៌​លឿង​បែប ​យ៉ាង​ពណ៌​មាស ។ នៅត្រង់​កនា​គ​មាន​ភូ​ធ្វើ​ពី រោមសត្វ​សម្បុរ បែប​ភូ​ទួន​។

ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះ​រាជគ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់​សណ្ដែក​១​តុ គ្រាប់​ពោត​១​តុ គ្រាប់​ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ ។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះ​រាជគ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ីផឹក របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូលចិត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​នីមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វី​មួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅ​ខាង​មុខ​តាម​នោះ។

សរុបសេចក្តីមក ខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច «ស្តេច» ហាក់ដូចជាមានលក្ខណៈចាស់ជាងជំនឿបែបឥណ្ឌានិយម។ ត្រង់​នេះយើងឃើញយ៉ាងច្បាស់លាស់នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ។ តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀតពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និង​អត្ថន័យស្រដៀងគ្នា ព្រោះថា ទោះការអនុវត្តពិធីនោះប្រកបដោយលក្ខណៈព្រាហ្មណ៍ក្តី ឬជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផលយ៉ាងច្រើនជាអតិបរមា។ ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែល​ប្រារព្ធតាមឆន្ទៈរបស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម។ អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរកវឌ្ឍនភាពកំពូលនាសម័យមហានគរ គឺការគ្រប់គ្រង​ទឹក៕