(ភ្នំពេញ)៖ បើនិយាយាអំពីការសរសេរព័ត៌មាន ផ្នែកសំខាន់ៗដែលមិនអាចខ្វះបាននោះរួមមាន Lead, Body និង Tail កន្ទុយ ឬការសន្និដ្ឋានរបស់ Spot News។ នៅក្នុងថ្នាក់សិក្សាសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធ បានបង្ហាញអំពី Body ឬដងខ្លួននៃអត្ថបទ ដែលជាផ្នែកមួយសំខាន់សម្រាប់ការទ្រទ្រង់នូវតម្លៃរបស់ Lead។

នៅក្នុងថ្នាក់សិក្សានេះដែរ លោក ម៉ារ យ៉ារិទ្ធ បានឲ្យដឹងថា៖ «ដងខ្លួនរបស់ដំណឹង គឺជាការសរសេរពន្យល់ក្បោះក្បាយនៃសាច់រឿងដែលជាប់ទាក់ទងនឹង Lead និងតាមលំដាប់លំដោយរបស់វា។ តាមធម្មតា ដងខ្លួននៃដំណឹងគឺជាការសរសេរនៃតម្លៃពន្យល់របស់ Why និង How»

លោកបានបន្តថា មិនតែប៉ុណ្ណោះដងខ្លួននៃដំណឹងគឺជាផ្នែកសំខាន់ដែលសរសេររៀបរាប់ជុំវិញភស្ថុតាង, ការពិត, ពាក្យសម្តី ដកស្រង់ Quotes, ការផ្តល់នូវសាវតា Background ដែលពាក់ព័ន្ធសាច់រឿង, ឬសម្តីតបតណា ដែលជាប់ពាក់ព័ន្ធនឹងសាច់រឿងជាដើម។ ផ្នែកនេះ គឺជាផ្នែកនៃការផ្តល់ការសរសេរស៊ីជម្រៅ ក្នុងអត្ថបទទាំងមូលថែមទៀត។ ហើយប្រសិនជាមិនមានការបញ្ចូលនូវក្វូតរបស់ប្រភពទេនោះ នោះអត្ថបទទាំងមូលប្រៀបដូចជាមនុស្សស្លៀកខោ តែមិនមានពាក់ខ្សែក្រវ៉ាត់នោះដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងថ្នាក់សិក្សារបស់ FTC ជារៀងរាល់សប្ដាហ៍តែងតែសិក្សាទៅលើការសរសេរព័ត៌មានក្ដៅ ស៊ីជម្រៅ និងប្រកបទៅដោយវិជ្ជាជីវៈ ជូនដល់សិក្ខាកាមដែលបានសិក្សានៅទីនេះ។ ហើយនេះក៏ជាថ្នាក់សិក្សាជំនាន់ទី៣ផងដែរ ក្រោយពី FTC បានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ ក្នុងនោះលោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។

ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក៕