(ស្វាយរៀង)៖ ប្តីប្រពន្ធគរ ថ្លង់ មួយគូ បានបង្កើតមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ចេះតស៊ូរៀនអក្សរ លេខនិពន្ធ និងជំនាញដើម្បីប្រកបមុខរបរផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរ ធ្វើមហាជនសរសើរមិនដាច់ពីមាត់ថា ទោះបីគរ ថ្លង់ តែចេះតស៊ូក្នុងជីវិតបានល្អ។

លោក សៅ វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ គថ្លង់ មានប្រពន្ធឈ្មោះ សុខ កាន អាយុ២៥ឆ្នាំ និយាយមិនច្បាស់ (ទឡាន់) ថ្លង់ រស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ប្រកបមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ រួមមាន៖ ជ្រូកមេ០៥ក្បាល ក្នុងនោះមេជ្រូក១ក្បាល មានកូនតូច០៨ក្បាល និងចិញ្ចឹមកូនជ្រូកយកសាច់ចំនួន ៤៥ក្បាល។ មេគោ ៤ក្បាល មានកូន៤ក្បាល សត្វ ទា ទេស ចំនួន៥០ក្បាល សត្វ មាន់៤៥ក្បាល និងចិញ្ចឹមកង្កែបជាង៤០០ក្បាល ហើយក្រៅពីការចិញ្ចឹមសត្វ គឺមុខរបរមួយទៀតធ្វើជាជាងកាត់សក់ផងដែរ។

បើតាមស្រ្តី ឈ្មោះ នន់ សុខុម អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់បុរសគ ថ្លង់ បានឱ្យដឹងថា គាត់ជាស្ត្រីមេម៉ាយ មានកូន០៣នាក់ ស្រីម្នាក់ បានរៀបការអស់ហើយ ចំពោះកូនប្រុសឈ្មោះសៅ វណ្ណៈ ដែលគ ហើយថ្លង់នេះគឺជាកូនច្បង កាលពីមានអាយុ១៤ឆ្នាំ ត្រូវបានអង្គការជនពិការគថ្លង់ យកទៅបង្រៀនអក្សរ និងលេខពន្ធ នៅរាជធានីភ្នំពេញ សាលាភាសាគ រហូត ចេះមើលអក្សរ និងសរសេរអក្ស ចេះលេខ ចេះបូកលេខ ដកលេខគុណ ចែក និងចេះប្រើកាស្យូ ស្ទាត់ជំនាញរហូត អាយុ២២ឆ្នាំ អង្គការគថ្លង់ បានឱ្យជ្រើសរើសជំនាញកូនគាត់បានជ្រើសរើសជំនាញកាត់សក់ អាយុ២៤ឆ្នាំ បានសុំអង្គការចេញមកផ្ទះស្រុកកំណើតបើកតូបកាត់សក់ អង្គការជនពិការគថ្លង់ បានសង់តូបឱ្យ និងទិញឧបករកាត់សក់ឱ្យមួយកំប្លេ។

លោក វណ្ណៈ បានប្រកបមុខរបរកាត់សក់នេះ បានសន្សំប្រាក់យកទៅ ទិញកូនជ្រូក២ក្បាលចិញ្ចឹម ជ្រូកមេពូជយកកូន ខណៈនោះអង្គការឃើញវណ្ណៈចង់ចិញ្ចឹមជ្រូក ក៏បានផ្តល់ទុនធ្វើទ្រុង ចាក់សាប និងបង្រៀនបច្ចេកទេសជំនាញចិញ្ចឹមសត្វ វណ្ណៈ បានសុំអង្គការប្រកបមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ចិញ្ចឹមមាន់ និងទាទេស ព្រមទាំងចិញ្ចឹមគោ ដាំបន្លែ។

អ៊ុស្រីបានបន្តថា «អង្គការជនពិការគរ ថ្លង់ កម្ពុជា ក៏បានគាំទ្រផ្តល់ទុន និងផ្តល់ជំនាញដល់វណ្ណៈរហូត វណ្ណៈ អាចដំណើរការអនុវត្តន៍វិស័យកសិកម្ម មានកសិដ្ឋានខ្នាតតូចលក្ខណៈគ្រួសារបានជោគជ័យ។ នៅឆ្នាំ២០២២នេះ វណ្ណៈ បានរៀបការប្រពន្ធឈ្មោះ សុខ កាន អាយុ២៥ឆ្នាំ ដែលជានារីម្នាក់ ទុំឡាន់ និយាយមិនច្បាស់ និងថ្លង់ មកដល់ពេលនេះនាងមានផ្ទៃពោះ០៦ខែ កូនដំបូង ហើយពីនាក់ប្តីប្រពន្ធបានប្រឹងប្រែងធ្វើការប្រកបមុខរបរគ្មានទំនេរឡើយ គឺកាត់សក់ និងចិញ្ចឹមសត្វជាកសិដ្ឋានខ្នាតតូចលក្ខណៈគ្រួសារបានប្រសើរ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានកោតសរសើរ ថាទោះបីគរ ថ្លង់ទាំងពីរនាក់ប្ដីប្រពន្ធ គឺឧស្សាព្យាយាមក្នុងជីវិតណាស់»។

អ៊ុស្រីបានបន្តថា បច្ចុប្បន្ននេះ បន្ថែមចិញ្ចឹមកង្កែប ៣អាង ស្មើជាង៤០០ក្បាលទៀត។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះការលក់កូនជ្រូកបានតម្លៃថោក ពីមុនកូវីដ១៩ គឺកូនជ្រូក១ក្បាល តម្លៃ១០០ដុល្លារ បច្ចុប្បន្នកូនជ្រូកគ្មានទីផ្សារ អ្នកទិញឱ្យតម្លៃថោក ដូច្នេះ សម្រេចមិនលក់ទុកចិញ្ចឹមយកសាច់វិញ ដោយជ្រូកសាច់ ជ្រូករស់១គីឡូ តម្លៃ១២,០០០រៀល។ សម្រាប់ការចិញ្ចឹម គឺឱ្យចំណីធម្មជាតិ ទិញកន្ទក់ និងបបរបន្លែ ទិញចំណីបំប៉នបន្តិបន្តួចប៉ុណ្ណោះ៕