(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះបើកការដ្ឋានសាងសង់ផ្លូវចាក់បេតុងអាមេ១ខ្សែ ប្រវែង៧៩០ម៉ែត្រ ទទឹង១០ម៉ែត្រ រៀបខឿនជញ្ជាំងភ្នំ ជើងទេរ កម្ពស់០២ម៉ែត្រ និងប្រឡាយរំដោះទឹកប្រវែង ៧៩០ម៉ែត្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។

ពិធីបើកការដ្ឋាននេះ បានធ្វើឡើងនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវចាក់បេតុងអាមេ១ខ្សែ និងប្រឡាយរំដោះទឹកភ្លៀងដូចខាងលើ គឺអនុវត្តន៍តាមផែនការអភិវឌ្ឍខេត្ត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងកែលម្អសោភណភាព និងដាក់ភ្លើងបំភ្លឺផ្លូវ ដែលកន្លងមកតែងតែជួបនូវការលំបាក ការកកស្ទះ និងតូចចង្អៀត ពិបាកក្នុងការធ្វើចរាចរណ៍ពេលមានឡាន និងម៉ូតូច្រើនឆ្លងកាត់។

លោកអភិបាលខេត្ត បានបន្តថា ខេត្តកែបបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរម្មនីយដ្ឋានទេសចរណ៍ តំបន់ឆ្នេរឱ្យកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួជាទីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកសម្រាកលំហែរកំសាន្ត នៅតំបន់ឆ្នេរសមុទ្រខេត្តកែប កាន់តែមានសន្ទុះច្រើនឡើងៗទៅអនាគត ជាការពិតណាស់ផ្លូវចាក់បេតុងអាមេមួយខ្សែ ប្រវែង ៧៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀងនេះ ពេលកសាងរួចហើយ និងបម្រើតម្រូវការមមារញឹក និងជួយសម្រួលដល់ការកកស្ទះរាល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកលំហែកំសាន្តក្នុងរដូវបុណ្យទាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តកែបឱ្យកាន់តែមានភាពងាយស្រួលប្រសើរជាងមុន។

ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាថែរក្សា ការពារផ្លូវនេះអោយបានល្អ ប្រើប្រាស់ជាប្រយោជន៍សាធារណបានយូរអង្វែង។

នាគឱកាសនោះ លោកអភិបាលខេត្តក៏បានផ្តល់ជូននូវសារ៉ុង១ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលមកចួលរួមបើកការដ្ឋាននេះផងដែរ៕