(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត មានរយៈពេលជាង១៣នាទី ក្រោមចំណងជើងថា ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាទប់ទល់ជាមួយវិបត្តិសកល។

វីដេអូនេះបានរំលេចនូវការងើបឡើងវិញ នៃរោគរាតត្បាតកូវីដ១៩ នៅកម្ពុជា ហើយជាពិសេស «បញ្ហាប្រឈមនៃវិបត្តិប្រេងឥន្ទនៈ» ដែលបច្ចុប្បន្ន ពិភពលោកបាននឹងកំពុងឆ្លងកាត់ព្យុះសង្ឃរាដ៏គ្រោះថ្នាក់ ដែលបង្កើតជាវិបត្តិសាកលយ៉ាងធំធេងដោយគ្មានប្រទេសណាមួយអាចគេចផុតបានឡើយ។ មិនថាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេសអ្នកមាននោះទេ គឺសុទ្ធសឹងតែកំពុងទទួល រងនូវឥទ្ធិពលក្នុងកម្រិត និងទំហំខុសៗ គ្នាពីវិបត្តិសាកលនោះ។

បញ្ហាទី១៖ គឺជំងឺកូវីដ១៩ ដែលរហូតមកទល់ពេលនេះ ពិភពលោកនៅមិនទាន់អាចប្រយុទ្ធយកឈ្នះលើជំងឺនេះបាននៅឡើយ។ ជំងឺឆ្លងលាក់មុខដ៏កាចសាហាវនេះ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកស្ទើរតែទប់ខ្លួនមិនជាប់។

បញ្ហាទី២៖ ខណៈដែលពិភពលោក កំពុងប្រយុទ្ធតទល់ជាមួយកូវីដ១៩ យ៉ាងសកម្ម ក្លៀវក្លា ដោយចំណាយទាំងថវិកា និងកម្លាំងធនធានមនុស្សយ៉ាងសម្បើម ស្ទើរតែអូសជើងទៅហើយនោះស្រាប់តែសង្គ្រាមនៅអ៊ុយក្រែន ក៏បាននឹងកំពុងផ្ទុះកក្រើកឡើងមួយទៀត។ ប៉ុន្តែ ងាកមកមើលព្រះរាជាណាចក្រកម្ពុជាយើងវិញ គឺពិតជាភ័ព្វសំណាងល្អណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបញ្ហាកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទប់ទល់ និងគ្រប់គ្រងបានយ៉ាងល្អ និងមានប្រសិទ្ធិភាពខ្ពស់។ លទ្ធផលដ៏គាប់ប្រសើរដែលទទួលបាននេះ ក៏ដោយសារការបោះជំហានដើរពីដំណាក់កាលមួយ ទៅដំណាក់កាលមួយក៏ដូចជាវិធានការឆ្លើយតបនានាត្រូវបានដាក់ចេញយ៉ាងត្រឹមត្រូវ និងទាន់សភាពការណ៍ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងនោះនយោបាយចាក់ស្រោចវ៉ាក់សាំង គឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។

បទពិសោធន៍ដ៏ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានបង្ហាញយ៉ាងច្បាស់ថាមានកត្តាសំខាន់២ រួមបញ្ចូលគ្នាទើបអាច សម្រេចលទ្ធផលល្អប្រសើរ បែបនេះបានទី១៖ គឺរាជរដ្ឋាភិបាល សម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងទី២៖ ការជឿទុកចិត្ត និងការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ដោយសារការទប់ទល់ជាមួយជំងឺកូវីដ១៩ បានល្អសេដ្ឋកិច្ចកម្ពុជា ក៏បានចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ។ ប៉ុន្តែ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវប្រឈមមុខដោះស្រាយវិបត្តិប្រេងឥន្ធនៈដែលជាឥទ្ធិពលនៃសង្គ្រាមអូសបន្លាយ នៅអ៊ុយក្រែន។ វិបត្តិនេះក៏កំពុងតែវាយលុកនៅពេញពិភពលោក ដែលធ្វើឱ្យប្រទេសនានាជួបប្រទះការលំបាកយ៉ាងខ្លាំង ដោយសារតែតម្លៃប្រេង និងឧស្ម័នដែលជាតម្រូវការចាំបាច់របស់មនុស្សជាតិនៅលើពិភពលោកបន្តឡើងថ្លៃឥតឈប់ឈរ។

ដូច្នេះ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈក្នុងកាលៈទេសៈនេះ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងសង្គម គឺជាកត្តាចាំបាច់និងមិនអាចខ្វះបានឡើយ។ ពេលនេះរាជរដ្ឋាភិបាលបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈតាមរយៈការបង្កើនស្តុកប្រេងឱ្យបានច្រើន និងការធានាឱ្យមានប្រេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាការរក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានជំនឿជឿជាក់ និងសុទិដ្ឋិនិយម ថាដោយមានការគាំទ្រដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន យើងពិតជានឹងអាចទប់ទល់ និងពុះពារដោះស្រាយឆ្លងកាត់នូវវិបត្តិសកលនេះបានដោយជោគជ័យជាក់ជាមិនខាន ដើម្បីរួមគ្នាបន្តដំណើរកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងក្រុមគ្រួសារយើងតទៅ មុខទៀត ក្រោមម្លប់នៃសុខសន្តិភាព៕

សូមអញ្ជើញទស្សនាវីដេអូ៖