(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានចេញសេចក្ដីប្រកាសនៅថ្ងៃនេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសក្រិចចំនួន ២ថ្ងៃ ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា។
នៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ខែឧសភា លោក Putin នឹងជួបពិភាក្សាជាមួយប្រធានាធិបតីក្រិច លោក Prokopis Pavlopoulos និងនាយករដ្ឋមន្ត្រីក្រិច លោក Alexis Tsipras។ វិមានក្រឹមឡាំង បានបញ្ជាក់ថា ទិដ្ឋភាពសំខាន់នៃដំណើរទស្សនកិច្ចនោះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគរួមគ្នា ព្រមទាំងគម្រោងរួមគ្នាលើវិស័យថាមពល និងដឹកជញ្ជួន។
ជាមួយគ្នានោះ លោក Putin នឹងធ្វើការផ្លាស់ប្ដូរទស្សនៈស្ដីអំពីបញ្ហាអន្តរជាតិមួយចំនួនដែលកើតមានឡើងនាពេលបច្ចុប្បន្ន ជាពិសេសគឺប្រទេសទាំងពីរនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជាច្រើនវិស័យផងដែរ៕