(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងថា កម្ពុជា-ឡាវ បានផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែម ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ បង្ការ ទប់ស្កាត់ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SME) ព្រមទាំងបន្តការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មផលិត សម្រាប់ផ្គត់ផ្គង់ និងចែកចាយ ប្រកបដោយគុណភាព និងនិរន្តភាព។
ការលើកឡើងបែបនេះ របស់លោកឧកញ៉ា តែ តាំងប៉ បានធ្វើឡើងលើកឡើងនៅក្នុងពិធីសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងកម្ពុជា និងប្រតិភូប្រទេសឡាវ ដឹកនាំដោយលោក គីដាវវង់ ឡូរ៉ាត់ តំណាងគណៈប្រតិភូ និងជាអនុប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃសាធារណរដ្ឋប្រជាមានិតឡាវ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
នាឱកាសនោះដែរ លោកឧកញ៉ា បានបន្តថា «បច្ចុប្បន្នបញ្ហាអាកាសធាតុមានការប្រែប្រួលខ្លាំង បានបង្កឱ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នានា ទាក់ទងបញ្ហានេះ ការពង្រឹងកិច្ចសហការរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ជាពិសេសនៅក្នុងវិស័យឯកជន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្វែងរកនូវចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើការចែករំលែកចំណេះដឹងរវាងគ្នាទៅវិញទៅមក អំពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនោះវិស័យ ឯកជនមួយចំនួន គឺមិនទាន់បានយល់ច្បាស់ ក្នុងការរៀបចំផែនការរបស់ខ្លួន បង្ការ និងទប់ស្កាត់ នៅពេលមានគ្រោះមហន្តរាយកើតឡើង ជាយកថាហេតុផ្សេងៗ»។
លោកឧកញ៉ា បានបញ្ជាក់ថា ចំពោះបញ្ហាទាំងអស់នេះសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តែងតែបើកសិក្ខាសាលាផ្សព្វផ្សាយ បណ្តុះបណ្តាលកម្មវិធីប្រកួតប្រជែងជ្រើសរើសជើងឯក សម្រាប់អ្នកដែលមានសមត្ថភាពខ្ពស់លើការគ្រប់គ្រងមហន្តរាយជាដើម ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យមចំរៀបចំផែនការរបស់ខ្លួន ការពារ និងទប់ស្កាត់ក្នុងករណីកើតឡើងដោយប្រការណាមួយ ដែលបញ្ហាទាំង គឺជាជំរុញលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម អាចចេះទប់ស្កាត់រាល់បញ្ហាកើតឡើងផង និងជម្រុញបង្កើនការផលិតរបស់ពួកគាត់ផង ព្រោះសហគ្រាសធុនតូច និងមធ្យម គឺជាវិស័យឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ ក្រៅពីករណីខាងលើ, នាពេលកន្លងមក គណៈកម្មការគ្រប់គ្រង់គ្រោះមហន្តរាយ (NCDM) បានដាក់ចូលបញ្ជីឈ្មោះរបស់សហគ្រាសមួយចំនួនរួចហើយ ទៅក្នុងផែនការថ្នាក់ជាតិ ដើម្បីផ្តល់ភាពងាយ ក្នុងនោះប្រសិនយើងត្រូវការផលិតផលនៅតាមបណ្តាខេត្តណាមួយ ឬជួយសង្រ្គោះករណីកើតឡើងផ្សេងៗ យើងអាចទំនាក់ទំនងបានភ្លាមៗ។
ទាក់ទងករណីនេះ, លោក គីដាវវង់ ឡូរ៉ាត់ បានថ្លែងថា ជុំវិញបញ្ហាគ្រោះមហន្តរាយ ប្រទេសឡាវ ក៏ដូចប្រទេសកម្ពុជាផងដែរ គឺមានករណីកើតឡើងប្រហាក់ប្រហែលគ្នាដូចជា បញ្ហាគ្រោះទឹកជំនាន់ គ្រោះរំាងស្ងួត និងគ្រោះមហន្តរាយផ្សេងៗជាដើម។
ចំពោះជំនួបពិភាក្សានៅពេលនេះ លោក គីដាវវង់ ឡូរ៉ាត់ ចាត់ទុកការពិភាក្សាដ៏មានសារៈសំខាន់បំផុត ក្នុងការស្វែងយល់បំពេញបន្ថែម និងការផ្លាស់ប្តូរបទពិសោធន៍ថ្មីៗ រវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាគ្រប់គ្រង់គ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យអាទិភាពសម្រាប់ប្រទេសនីមួយៗ ក្នុងការចូលរួមចំណែកដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឱ្យកាន់តែរីកចម្រើន៕