(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារអង្គការដៃគូ និងសប្បុររសជន រៀបចំពិធីសំណណេះសំណាលជាមួយមាតាបិតា សិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងចែកអំណោយជាសម្ភារសិក្សាសម្រាប់ការបង្រៀនថ្នាក់មត្តេយ្យ និងចែកសំលៀកបំពាក់ឯកសណ្ឋានសិស្ស ឃីតសម្ភារសិក្សា ដល់កុមារមត្តេយ្យចំនួន១០០នាក់ និងចែកអំណោយជាក្រម៉ា និងខិត្តបណ្ណផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រឿងញៀនចំនួន ៣០០ប័ណ្ណ ដល់មាតាបិតាសិស្សចំនួន១៣០នាក់ និងដាក់ឱ្យដំណើរការនូវបង្គន់អនាម័យចំនួន២។
ថ្លែងក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាឱកាសនោះលោកស្រីបណ្ឌិត សឿ សុជាតា បានមានប្រសាសន៍ពីគោលនយោបាយសុខភាពសិក្សា សំដៅពង្រឹងគុណភាពការអប់រំនៅកម្ពុជា ហេីយដែលតម្រូវឱ្យមាតាបិតាជួយបញ្ជូនកូនចៅទៅរៀនសូត្រឱ្យគ្រប់ៗគ្នា ដេីម្បីពួកគេរីកលូតលាស់ធំធាត់ប្រកបគុណភាពជាទំពាំងស្នងឫស្សី បន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។
លោកស្រីបណ្ឌិត សឿ សុជាតា បានដឹកនាំក្រុមការងារ អង្គការដៃគូ សប្បុរសជនចុះពិនិត្យដីសម្រាប់សាងសង់សាលាមត្តេយ្យសហគមន៍ជូនកូនចៅប្រជាជនភូមិចំនួន២ គឺភូមិកណ្តាល និងភូមិសន្លង់ នៃឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ និងបានថ្លែងអំណរដល់អ្នកឧកញ៉ា បុិច ប៉ូឡែន ដែលបានជួយផ្តល់ឃីត ខោអាវ និងគ្រោងជួយសាងសង់អគារសិក្សាមត្តេយ្យសហគមន៍១ខ្នង ៣បន្ទប់៕