(បាត់ដំបង)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយភាពឆ្លាតវៃ ធ្វើឱ្យកម្ពុជាទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការកោតសរសើរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមរយៈព្រះរាជសន្តរកថាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលថា «ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានសេចក្តីរីករាយ និងសូមកោតសរសើរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតាំងពីប្រទេសកម្ពុជាយើងទទួលរងនូវបរិបទជំងឺកូវីដ-១៩ បានដឹកនាំដ៏វៃឆ្លាតប៉ិនប្រសប់ និងគ្រប់គ្រងដោះស្រាយបាននូវជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធទប់ទល់ដោយជោគជ័យប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ នៅក្នុងសង្គមជាតិកម្ពុជា»។
ព្រះមហាក្សត្រមានព្រះបន្ទូលបន្តថា «អាស្រ័យដោយជ័យជម្នះដ៏ប្រសើរនេះ រាល់សកម្មភាពនៃសង្គមបានងើប ឡើងវិញ ហើយបានចាប់ដំណើរការការងារជាបណ្តើរៗលើគ្រប់វិស័យ ។ ជាពិសេសនៅពេលនេះ យើងបានប្រារព្ធពិធី រុក្ខទិវា ឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលពីរឆ្នាំកន្លងទៅ» ។
ព្រះអង្គបានចាត់ទុកថា សមិទ្ធផលទាំងអស់នេះ បានផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយ សុខុមាលភាព មានសន្តិសុខ សណ្តាប់ធ្នាប់ល្អរុងរឿង និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិ ។
ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈនេះ ព្រះមហាក្សត្រ សូមអំពាវនាវសូមបងប្អូន ជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួល បានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹង ជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ៕