(ប៉ៃលិន)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជាច្រើនគ្រួសារ បានរៀបរាប់បា្រប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ថា ពួកគាត់សម្តែងនូវការខឹងសម្បារ និងមិនពេញចិត្តចំពោះ ស្តង់ដំឡូងមី របស់ក្រុមហ៊ុនខ្មែរវិនិយោគកសិកម្ម ស្ថិតនៅសងខាងផ្លូវលំ ចំណុចផ្លួវចូលទឹក ធ្លាក់ភ្នំខៀវ ដែលបានបញ្ចេញក្លិនស្អុយអាសោចពីក្នុងស្រះ ពីព្រោះម្ចាស់ក្រុមហ៊ុនបានបង្ហូរ ទឹកស្អុយ ចូលស្តុក បង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះផ្លូវដង្ហើម និងជម្ងឺផ្សេងៗ។
ប្រជាពលរដ្ឋរស់នៅ និងទទួលផលប៉ះពាល់ពីក្រុមហ៊ុនមួយនេះ បានរៀបរាប់ទាំងអួលដើមកថា ពួកគាត់រស់នៅទីតាំងខាងលើនេះ ជាយូរមកហើយ តែក្រោយពីអាជ្ញាធរ ភូមិសង្កាត់ ក្រុង និងខេត្ត អនុញ្ញាតឱ្យក្រុមហ៊ុនខ្មែរវិនិយោគកសិកម្ម សង់ស្តង់ដំឡូងមីមួយនេះ ដាក់ទីតាំងនៅក្បែរផ្ទះពួកគាត់ ដោយគ្រឿងចក្រកិនមើមដំឡូងមីម្តងៗ បណ្តាលឲ្យកម្ទេចជាតិពុល ដំឡូងទាំងនោះ ហុយចូលទៅក្នុងផ្ទះ និងធ្លាក់ទៅលើដំបូល លុះពេលភ្លៀងម្តងៗ ទឹកស្រះដែលក្រុមហ៊ុនកាយ ធ្វើអណ្តូង បានក្លាយទៅជាក្លិនស្អុយអស់រលីង។ ពួកគាត់បន្តថា ការជះក្លិនស្អុយអាសោច បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះផ្លូវដង្ហើម ជាពិសេសកុមារតូចៗ កំពុងតែជួបប្រទះ ប្រឈមនឹងជម្ងឺ រលាកសួត ផ្លូវដង្ហើម ស្ទើរគ្រប់ៗគ្នា នាពេលបច្ចុប្បន្ននេះតែម្តង សូម្បីតែសត្វ មាន់ ទា ជ្រូក គោ ចុះផឹកទឹកស្អុយ ដែលមានសារធាតុពុលហូរ នៅលើដី ក៏បណ្តាលឱ្យពុលងាប់អស់ជាច្រើនក្បាលផងដែរ ហើយពេលភ្លៀងខ្លាំងទឹកស្អុយទាំងនោះ បានហូរចូលទៅក្នុងផ្ទះរបស់ពួកគាត់ នាំទាំងដង្កូវចូលលំនៅដ្ឋានពួកគាត់ទៀតផង។ មន្ត្រីបរិស្ថាន បានបង្ហើបថា រឿងនេះទៅមិនរួចទេ បើមានមន្ត្រីមួយចំនួនដើមយកលុយ ដាក់ក្នុងហោប៉ៅយ៉ាងដូច្នេះ ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្ត ប៉ៃលិន មិនអាចទំនាក់ទំនងតាមទូរស័ព្ទបានទេ ព្រោះទូរស័ព្ទក្រៅតំបន់សេវា។
ពាក់ព័ន្ធបហ្ហាខាងលើនេះ លោក សម្ផស្ស ជាប្រធានគ្រប់គ្រង ក្រុមហ៊ុន បានប្រាប់ភ្នាក់ងារ Fresh News ថា បញ្ហាខាងលើនេះ ខាងក្រុមហ៊ុនលោកបានឈប់ទទួលទិញដំឡូងហើយ ព្រោះយើងសម្ងួតវាមិនទាន់ ហើយខាងមន្ទីរបរិស្ថាន បានឲ្យក្រុមហ៊ុនជីកស្រះ និងរៀបប្រព័ន្ធទីយោទឹក បានត្រឹមត្រូវរួចហើយដែរ។ លោកបានបន្តថា មានតែប៉ុន្មានគ្រួសារទេ គឺពួកគាត់បានរកស៊ីកាប់ឈើខុសច្បាប់ តែចំពោះពលរដ្ឋក្បែរនោះដូចជាគ្មានបញ្ហនេះផង មានតែខាងក្រុមហ៊ុនខ្ញុំពេលដាច់ទឹកប្រើប្រាស់ពួកគាត់បានមកសុំ និងចែកទឹកដល់ពួកគាត់ផងដែរ៕