(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បាទចេញសេចក្តីថ្លែងការណ៍មួយចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន SHINZO ABE។
តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋមន្រ្តីការបរទេសអាស៊ានបានលើកឡើងថា យើងជារដ្ឋមន្ត្រីការបរទេសអាស៊ានមានក្តីរន្ធត់ និងសោកសៅ ចំពោះការបាញ់សម្លាប់ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងណារ៉ា កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ ២០២២ ដែលនេះជាទង្វើមិនអាចមានទឡ្ហីករណ៍ត្រឹមត្រូវឡើយ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាមិត្តជាទីស្រឡាញ់រាប់អានដ៏ប្រពៃរបស់អាស៊ាន។
សូមបញ្ជាក់ថា ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន បានស្លាប់បាត់បង់ជី វិតនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ៕