(ភ្នំពេញ)៖ មរណភាពរបស់លោក អាបេ សិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារបាញ់ប្រហារពេលកំពុងឃោសនារកសំឡេងឆ្នោតសមាជិកសភា បានបង្កឱ្យមានការភ្ញាក់ផ្អើល និងការសោកស្តាយជាទីបំផុតពីមេដឹកនាំប្រទេស អ្នកនយោបាយ និងប្រជាពលរដ្ឋនៃបណ្តាប្រទេសនានានៅលើពិភពលោក។ នៅឯប្រទេសកម្ពុជា ដែលជាប្រទេសមានទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយប្រទេសជប៉ុនដែរនោះ មេដឹកនាំ អ្នកនយោបាយ និងប្រជាពលរដ្ឋ ក៏បានសម្តែងនូវមនោសញ្ចេតនាសោកស្តាយ និងសោកសង្រេងយ៉ាងក្រៃលែងចំពោះមរណភាពរបស់លោក អាបេ។
ការចាប់អារម្មណ៍ក៏ដោយសារតែអតីតនាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយរបស់ជប៉ុនរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការធ្វើនយោបាយ និងរបៀបនៃការធ្វើទំនាក់ទំនងរបស់លោកជាមួយបណ្តាប្រទេសនានាក្នុងលោក។ ជាពិសេសការដាក់ចេញនយោបាយជំរុញសេដ្ឋកិច្ចប្រទេសជប៉ុនឱ្យងើបចេញពីវិបត្តិ។ លោក អាបេ ត្រូវបានគេចាត់ទុកជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រទេសជប៉ុន ហើយត្រូវបានគេប្រសិទ្ធនាមជាបុរសខ្លាំងមួយរូប ក្នុងចំណោមបុរសខ្លាំងដូចជាប្រធានាធិបតីរុស្ស៉ី លោក ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
តែសម្រាប់កម្ពុជា ទំនាក់ទំនងរបស់លោក អាបេ បានឈានលើសពីទំនាក់ទំនងរវាងប្រទេស និងប្រទេស ពោលគឺបានឈានដល់ទំនាក់ទំនងរវាងបុគ្គលរបស់លោក ជាមួយមេដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះគេចាំបានថា កាលពីខែសីហា ឆ្នាំ២០១៧ ពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ទទួលបានការធ្វើឱ្យភ្ញាក់ផ្អើលដោយនំខួបកំណើតរៀបចំដោយលោក អាបេ ថែមទៀតផង។ កាយវិការនោះ បង្ហាញឱ្យឃើញនូវចំណងទំនាក់ទំនងជ្រាលជ្រៅ និងស្និទ្ធស្នាលមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាបេ។
តាមរយៈទំនាក់ទំនងផ្សារភ្ជាប់ដោយមនោសញ្ចេតនាផ្ទាល់ខ្លួន បានធ្វើឱ្យលោក អាបេ ក្លាយទៅជាមេដឹកនាំជប៉ុនមួយរូប ដែលបានដាក់ចេញនូវគោលនយោបាយការទូតជាច្រើនជំរុញនូវទំនាក់ទំនងជាមួយប្រទេសកម្ពុជា រួមចំណែកជួយកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមពីលើមរតកនៃទំនាក់ទំនងប្រទេសទាំងពីរពីអតីតកាល។
ក្នុងតំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០១៣។ តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាពេលនោះ លោកបានសម្រេចផ្តល់ជំនួយជួយកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងជំនួយអភិវឌ្ឍន៍មួយចំនួនផ្សេងទៀត។
ក្នុងកំលុងពេលនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ លោក អាបេ បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។ ក្នុងនោះលោកបានធ្វើឱ្យទំនាក់ទំនងកម្ពុជា ក្លាយពីទំនាក់ទំនងធម្មតាទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៣។ បន្ថែមពីលើនោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងជប៉ុន បានរីកធំធាត់ជាបន្តបន្ទាប់ផងដែរ ក្នុងរយៈពេលនៃការដឹកនាំរបស់លោក អាបេ។
ផ្តើមចេញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោក អាបេ មានចំពោះកម្ពុជានេះហើយ ជាហេតុនាំឱ្យថ្នាក់ដឹកនាំ អ្នកនយោបាយ និងប្រជាពលរដ្ឋកម្ពុជា កើតនូវក្តីសង្វេគស្តាយស្រណោះយ៉ាងក្រៃលែងចំពោះមរណភាពរបស់លោក។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានទំនាក់ទំនងស៊ីជម្រៅ និងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាច្រើនជាមួយលោក អាបេ បានសម្តែងនូវក្តីរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង ក្រោយទទួលព័ត៌មានមរណភាពរបស់លោក អាបេ។ សម្តេចតេជោ ហ៊ុន សែន បានរំលេចឡើងនូវវីដេអូលោក អាបេ ធ្វើខួបកំណើតជូនសម្តេច ដែលវីដេអូនេះជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងកម្រមួយ។
ក្នុងសារលិខិតចូលរួមរំលែកទុក្ខផ្ញើជូននាយករដ្ឋមន្ត្រីជប៉ុន, សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា អាបេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
សម្តេចតេជោ បានលើកឡើងទៀតថា សម្តេច និងលោក អាបេ ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា លោក អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀងដរាប។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានផ្ញើសារលិខិតចូលរួមរំលែកនូវមរណទុក្ខចំពោះមរណភាពរបស់លោក អាបេ ជាមួយនឹងសមានចិត្តដ៏ក្តុកក្តួលបំផុត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត»។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលធ្លាប់បានជួបពិភាក្សាការងារជាមួយលោក អាបេ កំឡុងពេលទស្សនកិច្ចនៅជប៉ុនកាលពីឆ្នាំ២០១៨ ក៏បានសម្តែងភាពតក់ស្លុត និងរន្ធត់ចិត្តណាស់ផងដែរ ចំពោះមរណភាពរបស់លោក អាបេ។
តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោកសៅ និងតក់ស្លុតជាខ្លាំង ដែលបានទទួលដំណឹងអំពីមរណភាពរបស់ លោក អាបេ។ លោក ម៉ាណែត បានចូលរួមរំលែកទុក្ខជាមួយគ្រួសារលោក អាបេ ក៏ដូចជាប្រទេស និងប្រជាជនជប៉ុន ចំពោះការបាត់បង់រដ្ឋបុរស និងអ្នកដឹកនាំដ៏ឆ្នើមរបស់ជប៉ុន។ លោកថែមទាំងបានបួងសួងដល់វិញ្ញាណក្ខន្ធលោកអាបេ បានទៅកាន់សុគតិភព។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាអ្នកនយោបាយវ័យក្មេងនៅកម្ពុជា ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
លោក ហ៊ុន ម៉ានី ចាត់ទុកមរណភាពរបស់លោក អាបេ គឺជាបាត់បង់ដ៏ធំចំពោះប្រជាជនជប៉ុន និងក៏ជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា ដែលបានរួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។
លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក៏បានបង្ហាញនូវអារម្មណ៍តក់ស្លុត និងរន្ធត់ចិត្តផងដែរ ចំពោះមរណភាពរបស់លោក អាបេ។
តាមរយៈលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនស្ថានទូតជប៉ុន លោក គាត ឈន់ បានគូសរំលេចថា លោក អាបេ ស៊ីនហ្សូ ជាមិត្តល្អយូរលង់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត។
លោក គាត ឈន់ បានរំលឹកពីអនុស្សាវរីយ៍របស់លោកជាមួយលោក អាបេ ថា លោក អាបេ ស៊ីនហ្សូ បានយកចិត្តទុកដាក់ជាខ្លាំង ពិសេសនៅអំឡុងពេលនៃសន្និសីទអន្តរជាតិ ស្ដីពី NIKKEI នាឆ្នាំ២០១៣ នៅតូក្យូ ប្រទេសជប៉ុន ដោយលោកបានចូលសួរសុខទុក្ខ គណៈប្រតិភូរបស់លោកដោយផ្ទាល់នៅកន្លែងប្រជុំ។ ជាមួយគ្នានោះ លោក អាបេ ស៊ីនហូ ក៏ជាអ្នកផ្តួចផ្តើមគំនិត ដើម្បីខ្ញុំទទួលបាននូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុត «The Grand Cordon of the Order of the Rising Sun» នៃប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៧។
លោក គាត ឈន់ បានលើកឡើងថា លោក អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់លោកចំពោះកម្ពុជា នឹងត្រូវបានចងចាំជារៀងរហូត។
លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន្ត បានបង្ហាញក្តីតក់ស្លុតជាពន់ពេកចំពោះមរណភាពរបស់ អាបេ ស៊ីនហ្សូ។ លោកស្រី បានចូលរួមសម្តែងមរណៈទុក្ខចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវសមាជិកគ្រួសារជាទីគោរពស្រឡាញ់ ដែលជាអតីតថ្នាក់ដឹកនាំប្រទេសជប៉ុនប្រកបដោយសមត្ថភាព។
លោកស្រី បានគូសរំលេចថា ស្នាដៃរបស់ លោកអាបេ មានទំហំធំធេងណាស់សម្រាប់ប្រជាជន និងប្រទេសជប៉ុនទាំងមូល។ លោកស្រី សូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ សូមបានសោយសុខ ក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោក ស សុខា អ្នកនយោបាយវ័យក្មេងនៅកម្ពុជា ក៏បានបង្ហាញក្ដីតក់ស្លុត និងសម្ដែងការក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក អាបេ។ លោក ស សុខា បានចូលរួមថ្កោលទោសចំពោះអំពើបាញ់ប្រហារដ៏ឃោរឃៅនេះ និងចូលរួមសោកស្ដាយ និងរួមមរណទុក្ខជាមួយក្រុមគ្រួសារលោក អាបេ ជាមួយប្រជាជនជប៉ុន និងប្រទេសជប៉ុនទាំងមូល ដែលបាត់បង់ធនធានថ្នាក់ ដឹកនាំពោរពេញដោយថាមពល និងសក្ដានុពលទាំងក្នុងប្រទេស តំបន់ និងពិភពលោក។
ក្រៅតែពីមេដឹកនាំ និងអ្នកនយោបាយ ដែលបានលើកឡើងខាងលើហើយនោះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ក៏មានអ្នកនយោបាយក្រៅរដ្ឋាភិបាល មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានសម្តែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោក អាបេ និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភព។
តាមរយៈសាររំលែកទុក្ខ និងការសម្តែងនូវទឹកចិត្តសោកស្តាយនេះ បានបង្ហាញឱ្យឃើញថា អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ គឺពិតជាមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក អាបេ ស៊ិនហ្សូ ដែលជាអ្នកនយោបាយមានបេះដូងពោរពេញដោយក្តីស្រឡាញ់ជ្រាលជ្រៅមួយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក អាបេ មានអាយុ ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនចំនួនពីរលើក។ លើកទីមួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងលើកទីពីរពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។ លោក អាបេ បានលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីមុនអាណត្តិនៅខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលបញ្ហាសុខភាព។ លោក គឺជាមេដឹកនាំម្នាក់ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានយូរជាងគេ។
ទោះជាបានលាលែងចេញពីតំណែងក៏ពិតមែន តែលោក អាបេ នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយជប៉ុន ដោយសារតែភាពជោគជ័យនៃនយោបាយសេដ្ឋកិច្ច «Abenomics» របស់លោក។ លោកជាមនុស្សម្នាក់ដែលដឹកនាំយុទ្ធនាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដែលបានអនុញ្ញាតឱ្យជប៉ុនអាចធ្វើសកម្មភាពយោធាជួយដល់សម្ព័ន្ធមិត្ត ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិជប៉ុន។
បន្ថែមពីលើនេះ នៅក្នុងអាណត្តិដំបូង លោក អាបេ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការស្ដារឡើងវិញ សម្ព័ន្ធភាពសន្តិសុខចតុភាគី ឬហៅកាត់ថា ក្វាដ (Quad) ជាមួយឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក ក្នុងគោលបំណងខ្ទប់ការកើនឡើងឥទ្ធិពលចិន។ លោក អាបេ ក៏ជាមនុស្សម្នាក់ ដែលមានបានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលគោលនយោបាយមិនច្បាស់ចំពោះតៃវ៉ាន់ផងដែរ៕