(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយ និងកំណត់អាទិភាពស្តីពីនិរន្តភាពរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលនៅតែមិនបន្ថយដៃ និងស្រាក់ដៃជាមួយអង្គការដៃគូ ដើម្បីកំណត់អាទិភាពឆ្លើយតបនឹងជំងឺគ្រុនចាញ់ និងឈានទៅលុបបំបាត់ទាំងស្រុងតាមកាលកំណត់នៅឆ្នាំ២០២៥។
លោកស្រីថ្លែងទៀតថា «សម្រាប់កម្ពុជាយើង បានដាក់គោលដៅហើយ គឺយើងនឹងលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទ នៅឆ្នាំ២០២៥ ជាយុទ្ធសាស្ដ្រសំខាន់ដែលប្រមុខរាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ និងបានដាក់ចេញ ដូច្នេះក្រសួងសុខាភិបាល និងសហការី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់មូលដ្ឋាន គ្រប់ខេត្ដក្រុង និងមន្ដ្រីទទួលបន្ទុកកម្មវិធីជំងឺគ្រុនចាញ់នេះ នឹងស្រាក់ដៃគ្នាជាមួយនឹងអង្គការដៃគូ ហើយធ្វើយ៉ាងម៉េច ឱ្យនិរន្ដភាពការកំណត់អាទិភាពនេះគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យការលុបបំបាត់បានទៅដល់គោលដៅ»។
លើសពីនោះ លោកស្រីបញ្ជាក់ «ទោះយើងអាចទទួលបានជោគជ័យទៅតាមកាលកំណត់ក្ដី ក៏យើងមិនដកដៃនោះទេ នៅតែបន្ដនិរន្ដភាពនេះ ធ្វើម៉េចធ្វើឱ្យជំងឺនេះមិនអាចផ្ទុះឡើងវិញ ព្រោះមិនឱ្យដូចបទពិសោធន៍ប្រទេសមួយចំនួនទេ នៅពេលដែលលុបបំបាត់ជំងឺគ្រុនចាញ់ហើយ គាត់បានបន្ថយដៃវិញ ក៏បានផ្ទុះឡើងវិញ។ ចឹងយើងបានណែនាំឱ្យមន្ដ្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសយើងបានធ្វើការជាមួយជាក្រសួងពាក់ព័ន្ធពាក់ព័ន្ធទាំងអស់ ធ្វើឱ្យសកម្មភាព រួមទាំងអប់រំឱ្យប្រជាពលរដ្ឋយល់ដឹងបន្ថែម»។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងបន្ដថា កិច្ចប្រជុំផ្សព្វផ្សាយ និងកំណត់អាទិភាពស្តីពីនិរន្តភាពរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ ក្នុងរយៈពេល២ថ្ងៃទី៧-៨ ខែកក្កដានេះ ក្រុមការងារពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងអង្គការដៃគូ និងប្រទេសជិតខាង បានកំណត់នូវអាទិភាពសំខាន់ៗ ដែលជាកត្ដាជំរុញឱ្យការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនេះ កាន់តែមានសន្ទុះកាន់តែលឿន។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុញចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានថ្លែងថា ប្រទេសកម្ពុជា មានផែនការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ តាមរយៈនៃការប្រតិបត្តិអន្តរាគមន៍តាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ព្រមជាមួយកិច្ចសហការគាំទ្រពីសំណាក់ដៃគូ និងម្ចាស់ជំនួយ គឺលទ្ធផលទទួលបានជាវិជ្ជមាន លើការកាត់បន្ថយចំនួនករណីពីជាង ១០០,០០០ នៅឆ្នាំ២០១០មក នៅត្រឹមតែតិចជាង ១០,០០០ នៅឆ្នាំ២០២១ និងគ្មានករណីស្លាប់រយៈពេល៤ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៨មក៕