(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា អំណោយផល នៃសុខសន្តិភាព និងលំនឹងស្ថិរភាពផ្នែកសង្គម សេដ្ឋកិច្ច តាមរយៈជ័យជម្នះលើសមរភូមិក្នុងវិបត្តិជំងឺកូវីដ-១៩ កន្លងមកនេះ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់គ្នា អាចរស់នៅក្នុងជីវភាពប្រក្រតីឡើងវិញលើគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់ទីកន្លែង។

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាតំណាងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិបត្តិកូវីដ១៩ ដែលបានអូសបន្លាយរយៈពេលជាង២ឆ្នាំ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសុខភាពសាធារណៈ និងដំណើរការអភិវឌ្ឍជាតិ ព្រមទាំង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រ និងវិធានការម៉ឺងម៉ាត់ជាច្រើនត្រូវបានដាក់ចេញយ៉ាងលឿនរហ័ស ប្រកបដោយការទទួលខុសត្រូវច្បាស់លាស់ប្រាកដប្រជា និងចំគោលដៅ។

តាមរយៈយុទ្ធសាស្ដ្រនេះ បានធ្វើឲ្យសភាពការណ៍មានភាពធូរស្រាលស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាន ដោយបានធ្វើឲ្យអត្រាឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះយ៉ាងគំហុគ ហើយអត្រាស្លាប់ក៏បានធ្លាក់មកដល់ចំនួនសូន្យ ដែលជាស្ថានការណ៍មួយមានលក្ខណៈល្អប្រសើរបំផុត បើធៀបទៅនឹងចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក៏បានឈានដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដែលជាកត្តាកំណត់មួយ ដើម្បីស្តារនិងរក្សាស្ថិរភាពលំនឹងផ្នែកសង្គម-សេដ្ឋកិច្ច ក្រោយទទួលរងផលប៉ះពាល់នៅក្នុងវិបត្តិសាកលដ៏ធ្ងន់ធ្ងរមួយនេះ។

លោកបន្ដថា ដោយបញ្ហាកូវីដ១៩ នៅតែជាបញ្ហាប្រឈមធំសម្រាប់ជាតិ ក៏ដូចជាពិភពលោកទាំងមូល សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានត្រៀមរួចរាល់ជាស្រេច ក្នុងការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩បន្ថែមទៀត ជាពិសេសវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកតែម្តង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបន្តបង្កើនភាពស៊ាំក្នុង​សហគមន៍នៅទូទាំងប្រទេស ដែលគាំទ្រដល់និរន្តរភាព នៃការការពារសុខភាពរបស់ប្រជាពលរដ្ឋ និងដំណើរការបើកប្រទេសលើគ្រប់វិស័យ ដែលបានដំណើរការយ៉ាង​មានប្រសិទ្ធភាព និងប្រសិទ្ធផលមកដល់ពេលនេះ។

លោក ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល និងបានចូលរួមគាំទ្រអនុវត្តគ្រប់វិធានការ​ដែលរាជរដ្ឋា​ភិបាលបានដាក់ចេញ ហើយក៏សូមយកឱកាសនេះអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីថែ​រក្សាសុខភាពឲ្យរឹងមាំ ពីព្រោះពុំមានអ្វីសំខាន់ និងមានតម្លៃជាងសុខភាពនោះទេ។

លោកបានអះអាងថា សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺមេដឹកនាំប្រកបដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិគ្រោះភ័យធំយ៉ាងណាក៏ដោយ។ ដូច្នេះ ដរាបណាប្រជាជនកម្ពុជា នៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនបន្ថែមទៀត។

លោកបន្ថែមទៀតថា យុវជនជំនាន់ក្រោយមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមមួយដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន ដូច្នេះសូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់សិក្សារៀនសូត្រ កសាងលត់ដំខ្លួនឲ្យក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ដើម្បី ឆ្លើយតបនឹងការខិតខំ​ប្រឹងប្រែងរបស់ឪពុកម្តាយ-អាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ដែលបានតស៊ូលះបង់ប្រកបដោយ​ពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន៕