(ភ្នំពេញ)៖ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលរួមរំលែកទុក្ខចំពោះមរណភាព អតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ។

ក្នុងសារលិខិតកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីរន្ធត់ក្រៃលែង ដោយទទួលដំណឹងដ៏សែនក្រៀមក្រំបំផុត អំពីមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្ស អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅរសៀលថ្ងៃនេះ បន្ទាប់ពីឯកឧត្តមត្រូវបានជនយង់ឃ្នងប្រល័យដោយកាំភ្លើង ក្នុងអំឡុងពេល ដែលឯកឧត្តមថ្លែងសុន្ទរកថា មួយក្នុងទីក្រុង Nara។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ឯកឧត្តម អាបេ ស៊ីនហ្សូ និងប្រជាជនជប៉ុន ដែលបានបាត់បង់សមាជិកគ្រួសារ និងអ្នកនយោបាយមួយរូបដ៏ឆ្នើម។

ឯកឧត្តម អាបេ ស៊ីនហ្សូ ជាមិត្តល្អយូរលង់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា ដោយបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រី របស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិត កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យទៅជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣។

ចំពោះរូបខ្ញុំ ឯកឧត្តម អាបេ ស៊ីនហ្សូ បានយកចិត្តទុកដាក់ជាខ្លាំង ពិសេសនៅអំឡុងពេលនៃសន្និសីទអន្តរជាតិ ស្ដីពី NIKKEI នាឆ្នាំ២០១៣ នៅរាជធានីតូក្យូ ប្រទេសជប៉ុន ដោយឯកឧត្តមបានមកសួរសុខទុក្ខ គណៈប្រតិភូយើងខ្ញុំដោយផ្ទាល់ នៅកន្លែងប្រជុំ។ ជាមួយគ្នានេះ ឯកឧត្តម អាបេ ស៊ីនហូ ក៏ជាអ្នកផ្តួចផ្តើមគំនិត ដើម្បីខ្ញុំទទួលបាននូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុត «The Grand Cordon of the Order of the Rising Sun» នៃប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៧។

ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់ឯកឧត្តមចំពោះកម្ពុជានឹងត្រូវបានចងចាំជារៀងរហូត។ ខ្ញុំប្ដេជ្ញាថានឹងខិតខំ ទោះបីសុខភាពរបស់ខ្ញុំ ពុំអំណោយផលក៍ដោយ ធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នឹងបន្តពង្រឹងថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្ពុជាផង និងសម្រាប់ជប៉ុនផងសមស្របនឹងគំនិតចង់ បាននិងមហិច្ឆតារបស់ឯកឧត្តម អាបេ ស៊ីនហ្សូ។

សូមឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រពីខ្ញុំ»៕