(ភ្នំពេញ)៖ ក្រៅពីបានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់ លោក អាបេ សិនហ្សូ អតីតនាយករដ្ឋមន្ដ្រីជប៉ុន, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News សូមបង្ហាញវិដេអូអនុវស្សាវរីយ៍មួយ ដែលលោក អាបេ រៀបចំនំខួបកំណើតជូនសម្តេច នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ អំឡុងពេលសម្តេចកំពុងបំពេញទស្សនកិច្ចនៅប្រទសជប៉ុន។
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបាញ់ប្រហារខ្មាន់កាំភ្លើងកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់ លោក អាបេ សិនហ្សូ។ លិខិតរំលែកទុក្ខរបស់សម្តេចតេជោ ផ្ញើជូន លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន, សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួង
របស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ។
ឯកឧត្តម អា បេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងនាមជាមិត្តល្អយូរលង់របស់ខ្ញុំ និងកម្ពុជា ឯកឧត្តម អាបេ ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្ញុំ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។ ឯកឧត្ដម អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀងដរាប»។
សូមទស្សនាវិដេអូអនុស្សាវរីយ៍ដែលលោក អាបេ រៀបចំនំខួបកំណើតជូនសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងតូក្យូ៖