(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានចំណារឯកភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើរបាយការណ៍ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ របស់គណៈប្រចាំការ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
តាមរយៈសេចក្តីប្រកាសរបស់ខ្លួន ក្រសួងសុខាភិបាល បានបញ្ជាក់ដូចខាងក្រោម៖
១៖ លើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។
ក្នុងករណីលទ្ធផលតេស្តរហ័សអវិជ្ជមាន អ្នកដំណើរត្រូវបានអនុញ្ញាតឱ្យបន្ដដំណើរទៅលំនៅឋាន ឬ ទៅកាន់គោលដៅរៀងៗខ្លួនដោយពុំជាប់កាតព្វកិច្ចចត្តាឡីស័ក។ ក្នុងករណីលទ្ធផលតេស្តរហ័សវិជ្ជមានហើយជាករណ៏ជំងឺស្រាល ចំពោះអ្នកដំណើរដែលមានលំនៅឋាន សមរម្យ អាចដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាលនៅលំនៅឋានរបស់ខ្លួន។
ចំពោះអ្នកដំណើរដែលពុំ មានទីតាំងស្នាក់នៅសមស្រប ត្រូវដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាលនៅទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថិកិច្ច។ អ្នកដំណើរដែលជាករណីជំងឺស្រាលត្រូវធ្វើការព្យាបាល ត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ហើយ រាល់ការចំណាយក្នុងការស្នាក់នៅព្យាបាលជាបន្ទុករបស់សាមីបុគ្គល។ ចំពោះករណីជំងឺធ្ងន់ ត្រូវទៅទទួលការព្យាបាលនៅផ្នែកព្យាបាលជំងឺកូវីដ ១៩ នៅតាមមន្ទីរពេទ្យ ដែលសេវាព្យាបាលជំងឺកូវីដ-១៩ ត្រូវបានធ្វើ សមាហរណកម្មចូលក្នុងប្រព័ន្ធសុខាភិបាលតែមួយ។ ចំពោះអ្នកជំងឺកូវីដ-១៩ ជាជនបរទេសត្រូវទូទាត់ ចំណាយក្នុងការស្នាក់នៅព្យាបាលដោយខ្លួនឯង។
២៖ អ្នកដំណើរជាជនបរទេសដែលត្រូវធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ត្រូវបង់ថ្លៃសេវាធ្វើតេស្តរហ័សរក អង់ទីហ្សែនកូវីដ-១៩ ចំនួន ៥ដុល្លារសហរដ្ឋអាមេរិក ក្នុង១នាក់ និងត្រូវអនុវត្តទៅតាមប្រកាសអន្តរក្រសួង រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៣៖ អ្នកដំណើរដែលខកខានពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសមូលដ្ឋាន ឬដូសជំរុញ ដោយកត្តានានាដែលពុំមែន ជាលក្ខខណ្ឌហាមចាក់ដោយសារកត្តាសុខភាព ត្រូវបានលើកទឹកចិត្តឱ្យប្រញ៉ាប់ទៅចាក់វ៉ាក់សាំងនៅតាមទីកន្លែង ចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។
ទោះបីជាមានការកែសម្រួលលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ដូចមានចែងខាងលើនេះក៏ដោយ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងតាមដាន សុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ។
សេចក្ដីប្រកាសព័ត៌មាននេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តទៅ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖