(ភ្នំពេញ)៖ គិតត្រឹម ៦ខែ ឆ្នាំ២០២២នេះ គ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្ស ៣២នាក់។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
របាយការណ៍ដែលផ្តល់ដោយលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់យ៉ាងដូច្នេះថា «៦ខែ ឆ្នាំ២០២២ គ្រោះថ្នាក់រន្ទះ កើតឡើងចំនួន ៦១លើក ធ្វើឲ្យខូចខាតផ្ទះ ១១ខ្នង ធ្វើឲ្យមនុស្សស្លាប់ ៣២នាក់ ធ្វើឲ្យមនុស្សរបួស ២៦នាក់ និងធ្វើឲ្យគោក្របីងាប់ ៦៩ក្បាល»។
របាយការណ៍បានបន្តថា ៦ខែ ឆ្នាំ២០២២នេះដែរ ខ្យល់កន្ត្រាក់កើតឡើង ១០៨លើក ធ្វើឲ្យផ្ទះរលំ ៦៨៥ខ្នង ធ្វើឲ្យផ្ទះរបើកដំបូល ២៣៧៤ខ្នង ធ្វើឲ្យខូចខាតសាលារៀន ១៩ខ្នង ធ្វើឲ្យខូចខាតតូប/ផ្សារ ១៣កន្លែង ធ្វើឲ្យខូចខាតអគារដ្ឋបាល ៦កន្លែង ធ្វើឲ្យមនុស្សស្លាប់ ៣នាក់ និងធ្វើឲ្យមនុស្សរបួស ២៨នាក់។
របាយការណ៍ដដែលបានបន្ថែមទៀតថា ៦ខែ ឆ្នាំ២០២២នេះ អគ្គិភ័យកើតឡើង ២៥១លើក ធ្វើឲ្យខូចខាតផ្ទះ ៤៤៥ខ្នង ធ្វើឲ្យខូចខាតតូប/ផ្សារ ៤៦កន្លែង ធ្វើឲ្យខូចខាតឃ្លាំងទំនិញ ១៣កន្លែង ធ្វើឲ្យខូចខាតសាលារៀន ២ខ្នង ធ្វើឲ្យខូចខាតរោងចក្រ/សិប្បកម្ម ៦កន្លែង ធ្វើឲ្យខូចខាតអគាររដ្ឋបាល ២កន្លែង ធ្វើឲ្យខូចខាតចម្ការ/ព្រៃ ១កន្លែង ធ្វើឲ្យមនុស្សស្លាប់ ១១នាក់ និងធ្វើឲ្យមនុស្សរបួស ៣២នាក់៕