(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សរបួសធ្ងន់និងស្រាល ៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកសិស្ស។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ នៅចំណុចខាងកើតប្រឡាយចម្ងាយ ៥០ម៉ែត្រចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៣៣-១៣៤ ស្ថិតក្នុងភូមិព្រៃខ្នង ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត លើផ្លូវជាតិលេខ៣។ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកសិស្ស គឺមានទិសដៅស្របគ្នាពីកើតទៅលិច។
របាយការណ៍ដដែលបានឲ្យដឹងបន្តថា ករណីនេះបណ្តាលឲ្យរបួសធ្ងន់ ០៤នាក់ (ស្រី ០១នាក់) និងរបួសស្រាល ០២នាក់ (ប្រុស)។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយទទួលបានព័ត៌មាននៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងនគរបាលរបស់លោកបានចុះទៅដល់ កន្លែងកើតហេតុ និងបានជួយជនរងគ្រោះ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕