(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៏ថា៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ១៩ដូសជំរុញ ខណៈដែលរលកនៃការឆ្លងជំងឺកូវីដ១៩ បានកម្រើកឡើងវិញ ដែលទាមទារឱ្យប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ការពារឡើងវិញ បន្តចាក់វ៉ាក់សាំងដូសជំរុញ អោយបានគ្រប់ៗគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល»។
ការលើកឡើងបែបនេះ ក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ស្ថិតក្នុងទីតាំង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ហ្លួងព្រះស្តេចកន ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបចំនួន ៤២០នាក់។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិតអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេចតេជោ បានយកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើអោយ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ។ លោកបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា តែបើ ប្រទេសជាតិ មាន អសន្តិសុខ គឺ មិនមាន អ្នកចូលមកធ្វើការវិនិយោគនោះទេជាក់ស្តែងដូចជានៅ ប្រទេស អ៊ុយក្រែនមានបញ្ហា ជាមួយ រុស្ស៊ីគឺ មិនមាន ក្រុមហ៊ុន ណាហ៊ានទៅរកស៊ីនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ ។
បន្ថែមពីនោះទៀត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នលើការការពារសុខភាពផ្ទាល់ខ្លួន ជាពិសេសដើម្បីបញ្ជៀសការរីករាលដាលចូលទៅក្នុងក្រុមគ្រួសារ ឬសហគមន៍ និងអំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅទទួលវ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ក្នុងករណីមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ឲ្យបានទាន់ពេលវេលាដើម្បីបន្ដឈ្នះលើជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់បន្តការពារខ្លួន ជាពិសេសទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឲ្យបានគ្រប់ៗគ្នា៕