(ព្រះសីហនុ)៖ រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅឆ្នេរព្រែកត្រែង ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងមានដោយការចូលរួមពីមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកោះករ។
ក្នុងឱកាសនេះផងដែរលោក សា មុតសុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន បានក្រើនរំលឹក និងបំផុសចលនាប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត សាធារណៈជន ទាំងអស់ឲ្យចូលរួចធ្វើអានាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស សំដៅរួមចំណែក កសាងសង្គមកម្ពុជា មានបរិស្ថានល្អស្អាត ភាពស្រស់បំព្រង ការរស់នៅប្រកបដោយចីរភាព និងបរិយាប័ន្ន កាត់បន្ថយសំណល់ប្លាស្ទិក និងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេក ទេសមុននឹងដឹក ជញ្ជូនទៅកាន់ទីលានសុវត្ថិភាព។
លោក សា មុតសុធារិទ្ធ បានបន្ថែមទៀតថា ដើម្បីធ្វើឲ្យបរិស្ថានទីក្រុង និងកន្លែងទេសចរណ៍ក្នុងក្រុងព្រះសីហនុគ្មានសំរាម គ្មានសំណល់ ត្រូវផ្តើមចេញពីខ្លួនយើង គឺត្រូវគ្រប់គ្រងសំរាម កាកសំណល់រឹង វិចខ្ចប់អោយបានត្រឹមត្រូវ ដាក់ក្នុងធុងសំរាម និងមិនត្រូវបោះចោលសំរាមតាមសាធារណៈ។
ថ្លែងនាឱកាសនោះដែរលោក អ៊ី សុខឡេង បានថ្លែងថាយោងតាមរបាយការណ៍របស់ (យូអិនឌី) ក្នុងឆ្នាំ២០១៨ ប្រទេសកម្ពុជាបង្កើតកាកសំណល់រឹងប្រហែល ៣លានតោន និងសំណល់វរឹងឧស្សាហកម្ម និងពាណិជ្ជកម្មប្រហែល ១៦លានតោន។ បរិមាណសំណល់ មានការកើនឡើងយ៉ាងឆាប់រហ័ស នាំឱ្យយើងមានវិធានការ ដោះស្រាយជាបន្ទាន់ សំដៅបង្កើនការយល់ដឹងដល់សាធារណ ជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយជាភ្នាក់ងារសកម្ម ប្រកបដោយចីរភាព និងអភិវឌ្ឍន៍មេត្រីបរិស្ថាន។
លោក អ៊ី សុខឡេង បានបន្ថែមទៀតថា ក្រៅពីការដោះស្រាយបញ្ហាបន្ទាន់ យើងត្រូវជំរុញឱ្យប្រជាពលរដ្ឋសម្អាតបរិស្ថាន បរិវេណក្បែរលំនៅដ្ឋានដែលជាការចាប់ផ្ដើម យុទ្ធនាការធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតង និងបរិយាកាសស្អាតដោយចូលរួមចំណែកតាមរយៈគោលការណ៍ 5Rs បដិសេធការប្រើប្រាស់ ថង់ប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងក្រុងព្រះសីហនុ និងដើម្បីធ្វើឲ្យបរិស្ថានស្អាត ស្រស់បំព្រង និងនៅជាមួយយើងបានយូរ គឺផ្តើមចេញពីខ្លួនយើង គ្រួសារយើង សង្គមយើងទាំងអស់គ្នា យើងត្រូវរួមគ្នាថែរក្សាបរិស្ថាន មិនបោះចោលសំរាមតាមសាធារណៈ ឬទីប្រជុំជនចាប់ពីថ្ងៃនេះតទៅ
បន្ថែមពីនេះលោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីរាជការ មន្ទីរបរិស្ថានខេត្តព្រះសីហនុ ពិសេសអាជ្ញាធរ និងមន្ទីរអង្គភាពាក់ព័ន្ធនានា យុវជន សិស្ស និស្សិត ទាំងអស់ដែលតែងតែគាំទ្រដល់គ្រប់ចលនាបរិស្ថានកន្លងមកផងដែរ៕