(កំពង់ឆ្នាំង)៖ លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងណែនាំដល់អ្នកសារព័ត៌មានក្នុងខេត្តនេះ អនុវត្តបានតាមវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់របបសារព័ត៌មាននៃកម្ពុជា។
លោកថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពីការអនុវត្ត វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការក្រុមការងារដោះស្រាយទំនាស់ (ACT) នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
ក្នុងឱកាសនោះ លោក ម៉ម ឈឿ បានថ្លែងថា សិក្ខាសាលាដែលបានរៀបចំឡើងនៅពេលនេះ មិនត្រឹមតែអាចពង្រឹងការអនុវត្តការងារ ប្រព័ន្ធផ្សព្វផ្សាយវិស័យព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱកាសដល់មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មានបានយល់ដឹងបន្ថែមទៀត អំពីវិជ្ជាជីវៈក្រមសីលធម៌ និងសេរី ភាពសារព័ត៌មាន ព្រមទាំងទទួលបានបទពិសោធន៍ និងបានពិភាក្សាគ្នាពីបញ្ហាប្រឈមនានាក្នុងពេលបំពេញការងារ របស់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាស្វែករកដំណោះស្រាយ និងពិសេសបន្តចូលរួមអនុវត្តការផ្តល់ព័ត៌មានបែបសន្តិភាពអហិង្សា ក្នុងស្មារតីធ្វើអោយសង្គមជាតិកាន់តែទទួលបាននូវការអភិវឌ្ឍ មានការគោរពច្បាប់របបសារ ព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈ។
តាមរយៈរបាយការណ៍ និងតាមការសង្កេតជារួម ក្រោយពីមន្ទីរព័ត៌មាន សហការជាមួយអង្គការ ដៃគូមួយចំនួន ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីរបបសារព័ត៌មាន និងបើកវគ្គបណ្តុះបណ្តាលការសរសេរព័ត៌មានបែបសន្តិភាពជាបន្តបន្ទាប់ឃើញថា អ្នកសារព័ត៌មានក្នុងខេត្តបានចូលរួមអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានបានល្អប្រសើរ។
លោក ម៉ម ឈឿម បន្តទៀតថា សិក្ខាសាលាដ៏មានសារសំខាន់នេះ នឹងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពខ្ពស់ នូវកំណែទម្រង់ស៉ីជម្រៅ ដែលរដ្ឋាភិបាលបានដាក់ចេញនៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
លោកប្រធានមន្ទីរព័ត៌មាន បានណែនាំដល់មន្ត្រីផ្សព្វផ្សាយ នៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មានទាំងអស់ ត្រូវខិតខំអនុវត្តនូវអ្វីដែលមានសារៈសំខាន់ទទួលបានពីកិច្ចពិភាក្សា ក្នុងសិក្ខាសាលានេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ អនុវត្តបានតាមវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់របបសារព័ត៌មាននៃកម្ពុជា ពិសេសការដាក់បញ្ចូល សារព័ត៌មានសន្តិភាព អហិង្សា ចូលក្នុងអត្ថបទព័ត៌មានរបស់ខ្លួន ដើម្បីសង្គមមួយមិនមានអំពើហិង្សា អសន្តិសុខ អស្ថិរភាពសង្គម ដើម្បីជាកំលាំងជំរុញដ៏សំខាន់ ក្នុងការកសាងវប្បធម៌សន្តិភាពគ្រប់ទីកន្លែងក្នុងសង្គមជាតិ យ៉ាងពិតប្រាកដ៕