(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីបញ្ជាក់ អំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់សមាជិក ក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
នៅក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងទៀតថា សំនួរសំខាន់ៗ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់រួមមាន៖ * តើរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីការចូលកាន់មុខតំណែង ត្រូវចាប់ផ្ដើមពីថ្ងៃណាទៅ? * តើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់រូបណា ចាំបាច់ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃក្រោយពីការចូលកាន់មុខតំណែង ហើយសមាជិក ណាខ្លះទៀត មិនចាំបាច់ប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងកំឡុងពេលនេះ ដោយត្រូវចាំបាច់ធ្វើការប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ (ខែមករា ឆ្នាំ២០២៣ ឬខែមករា ឆ្នាំ២០២៤) ហើយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់រូបណាដែលត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយរបស់ខ្លួន?
បើយោងតាមចម្លើយរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖
១៖ (មាត្រា១៨) របបប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) រយៈពេល៣០ថ្ងៃ យ៉ាងយូរក្រោយពីពេលចូលកាន់តំណែង គឺត្រូវរាប់ ចាប់ពីថ្ងៃពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាថ្ងៃទី១ នៃរយៈពេល៣០ថ្ងៃយ៉ាងយូរក្រោយពេលចូលកាន់តំណែង។
ទី២៖ សមាជិកថ្មីនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលពីមុនមកមិនធ្លាប់ទទួលមុខងារនេះ ហើយមិនធ្លាប់មានមុខងារអ្វីផ្សេងទៀតដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីចូលកាន់មុខតំណែង។
ទី៣៖ សមាជិកចាស់ដែលត្រូវបានជាប់ឆ្នោតជាថ្មីក្នុងអាណត្តិនេះ មិនចាំបាច់ធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល៣០ថ្ងៃក្រោយការចូលកាន់មុខតំណែង នាពេលនេះទេ ហើយត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ គឺនៅខែមករា ឆ្នាំ២០២៣ សម្រាប់អ្នកដែលបានប្រកាស ទ្រព្យសម្បត្តិ និងបំណុលនៅ ក្នុងឆ្នាំ២០២១ និងនៅខែមករា ឆ្នាំ២០២៤ សម្រាប់អ្នកដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងឆ្នាំ២០២២។
ទី៤៖ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិចាស់ (ទី៤) ដែលមិនឈរឈ្មោះជាបេក្ខជនជាថ្មី ដែលមិនជាប់ ដែលលាឈប់ ហើយមិនមាននៅសល់មុខងារ និងបំណុល ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ក្នុងអំឡុងពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ-សង្កាត់៕
ខាងក្រោមនេះជាលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ៖