(ភ្នំពេញ)៖ មន្រ្តីជលផលរបស់កម្ពុជា មួយក្រុមបានចុះសិក្សា និង ដកស្រង់បទពិសោធន៍មួយចំនួនពីការចិញ្ចឹមត្រី និង ការផលិតចំណីត្រីជា ដើម នៅក្នុងប្រទេសបង់ក្លាដែស ដែលជាប្រទេសមួយទទួលបានជោគជ័យខ្ពស់លើការចិញ្ចឹមត្រី និងមានការអភិវឌ្ឍខ្ពស់លើខ្សែសង្វាក់វារីវប្បកម្មក្នុងអំឡុងពេលដប់ឆ្នាំចុងក្រោយនេះ។
ដំណើរទស្សនកិច្ចសិក្សាលើការចិញ្ចឹមត្រីនៅប្រទេសបង់ក្លាដែសនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ដឹកនាំដោយលោកបណ្ឌិត ហាវ វិសិដ្ឋ អគ្គនាយករង នៃរដ្ឋបាលជលផល និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់មកពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះមន្រ្តីកម្ពុជា បានទៅទស្សនាស្ថាប័ន និង គ្រឹះស្ថានអាជីវកម្មជលផលនានាជាច្រើន ដូចជាកសិដ្ឋានចិញ្ចឹមត្រី រោងចក្រផលិតចំណីត្រី ទីតាំងភ្ញាស់កូន រោងចក្រកែច្នៃ មន្ទីរពិសោធន៍ និង សមាគមជលផលនានា។
មន្រ្តីកម្ពុជា បានកោតសរសើរទៅលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃជលផល តាមរយៈការអនុវត្តកម្មវិធីមូលនិធិពីរបស់សហភាពអឺរ៉ុប ដែលហៅថា BEST ដើម្បីធ្វើឱ្យវិស័យនេះស្របតាមលក្ខខណ្ឌ និងតម្រូវការទីផ្សារពិភពលោក តាមរយៈការបញ្ចូលគ្នា និង វិធីសាស្ដ្រពីផលិតកម្មកសិ កម្មទៅដល់ការប្រើប្រាស់នៅក្នុងលក្ខខណ្ឌ នៃការអភិវឌ្ឍសមត្ថភាពធ្វើតេស្ត ការកសាងសមត្ថភាពធនធានមនុស្ស ការអនុវត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសុវត្ថិភាពម្ហូបអាហារនៅគ្រប់កម្រិតទាំងអស់ នៃខ្សែសង្វាក់ការផ្គត់ផ្គង់ពីផលិតកម្មកសិកម្មទៅដល់ការប្រើប្រាស់ រួមទាំងការអនុវត្តល្អនូវវារីវប្បកម្ម (GAP) កំណែទម្រង់ក្របខ័ណ្ឌច្បាប់ កសាងការអនុលោមតាមច្បាប់ក្នុងសង្គមក្នុងវិស័យកែច្នៃ ភាពល្អប្រសើរជាងមុនក្នុងការអនុលោមតាមច្បាប់តាមរយៈការតាមដាននៃផលិតផលជលផល។
លោកវេជ្ជបណ្ឌិត Shetty ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានបន្ថែមថាដំណើរទស្សនកិច្ចសិក្សានេះ ជាឱកាសមួយដែលមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់គណៈប្រតិភូកម្ពុជាដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមនៅក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃដែលអាចយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ និង បង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យជលផល ដូចដែលមានកំណត់នៅក្នុងក្របខណ្ឌ នៃផែនការយុទ្ធសាស្រ្តវិស័យជលផល និង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា។
គំរូអភិវឌ្ឍន៍វារីវប្បកម្មនៃប្រទេសបង់ក្លាដែសអាចជាឱកាសល្អសម្រាប់ស្ថាប័នជលផល អ្នកនេសាទ កសិករ ពាណិជ្ជករ អ្នកកែច្នៃ និង អ្នកវិនិយោគក្នុងប្រទេសកម្ពុជា។ ការសិក្សានេះនឹងជួយប្រទេសកម្ពុជាក្នុងការរៀបចំអនុសាសន៍ យុទ្ធសាស្រ្តសមស្របសម្រាប់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃវារីវប្បកម្មរួមនៅក្នុងប្រទេស។ វានឹងអាចជួយទៅដល់រដ្ឋាភិបាលក្នុងការរៀបចំផែនការសកម្មភាពលម្អិត សម្រាប់កម្មវិធីជំនួយរបស់សហភាពអឺរ៉ុបនាពេលខាងមុខ ក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃវារីវប្បកម្មនៅកម្ពុជា។
លេខាធិការនៃក្រសួងជលផលប្រទេសបង់ក្លាដែស និង Bangladesh Frozen Food Exporters Association បានសម្តែងនូវឆន្ទៈរបស់ពួកគេក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយប្រទេសកម្ពុជា ដើម្បីអអភិវឌ្ឍវិស័យនេះនាពេលអនាគត។
ដំណើរទស្សនកិច្ចសិក្សានេះទទួលបានការគាំទ្រពីកម្មវិធីពិពិធកម្ម និង ការពង្រីកការនាំចេញ (CEDEP II) ដែលទទួលបានជំនួយហិរញ្ញវត្ថុពីក្របខណ្ឌជំរុញសមាហរណកម្ម (EIF) និង អនុវត្តដោយអង្គការ UNIDO ដែលរួមសហការជាមួយរដ្ឋបាលជលផល និង ក្រសួងពា ណិជ្ជកម្ម៕