(បន្ទាយមានជ័យ)៖ ក្នុងសាលាសង្កាត់ទឹកថ្លា ស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សា ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា នៃសង្កាត់ទឹកថ្លាថ្មី អាណត្តិទី៥ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ពិធីប្រកាសជាផ្លូវការ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោកស្រី ស៊្រាង គឹមស៊ាង អភិបាលរងក្រុងសិរីសោភ័ណ លោក អ៊ុង ស៉ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា មន្ត្រី និងប្រជាពលរដ្ឋជាច្រើននាក់។
យោងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅសង្កាត់ទឹកថ្លា នៃខេត្តបន្ទាយមានជ័យ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទទួលស្គាល់ ១៖ លោក ខាំ សរ ជាចៅសង្កាត់ ២៖ លោក សឿន ចាន់ស ជាចៅសង្កាត់រងទី១ និង ៣៖ លោក ព្រឿង ប៊ុនធឿន ជាចៅសង្កាត់រងទី២។ ចំណែក ៦រូបទៀត ជាសមាជិកក្រុមប្រឹក្សាសង្កាត់គឺ ១៖ ឈ្មោះ លោកឌីហៀង ២៖ លោកស្រី ហោ សុផាន់ ៣៖ លោក ខាំ មួន ៤៖ លោក ឌុចរ៉ា ៥៖ លោក កុយ ច័ន្ទវាសនា និង៦៖ លោក ភិន សារ៉េត។
លោក ខាំ ស បានថ្លែងថា ដោយសារតែប្រជាពលរដ្ឋក្នុងសង្កាត់ទឹកថ្លា ស្រឡាញ់ពេញចិត្តលោក ៤អាណត្តិកន្លងមកហើយនោះ ទើបអាណត្តិទី ៥នេះ ប្រជាពលរដ្ឋនៅតែមានការគាំទ្រយ៉ាងខ្លាំងលើរូបលោក តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យធ្វើជាចៅសង្កាត់អាណត្តិទី៥ បន្តទៀត។ ក្នុងនោះ លោកបានប្តេជ្ញាថា នឹងយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។
លោកស្រី ស៊្រាង គឹមស៊ាង បានធ្វើការផ្តាំផ្ញើដល់ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លា អនុវត្តឱ្យសម្រេចបានជោគជ័យអាណត្តិទី៥ នូវ៖
* ១៖ ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
* ២៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៉ីសងខុស ច្បាប់ និងបទល្មើស គ្រប់ប្រភេទ
* ៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
* ៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង
* ៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព
* ៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
* ៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាពជាដើម៕