(ភ្នំពេញ)៖ សិក្ខាសាលាស្តីពីរដ្ឋាភិបាលឌីជីថល ជួយរួមចំណែកសម្រាប់ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។ នេះបើតាមការថ្លែងរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឱកាសតំណាងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពីរដ្ឋាភិបាលឌីជីថល នៅសាលាភូមិន្ទរដ្ឋបាល លោក យក់ ប៊ុនណា បានបញ្ជាក់យ៉ាងដូច្នេះថា «សិក្ខាសាលាមួយនេះ ក៏ជាការចូលរួមចំណែកមួយ សម្រាប់ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញកាលពីខែមករា ឆ្នាំ២០២២នេះផងដែរ»

លោកបន្តថា ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល គឺផ្តោតសំខាន់លើការពង្រឹងសេវាសាធារណៈ ដោយប្រើប្រាស់បច្ចេកវិទ្យាធ្វើជាឃ្នាស់។ បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ មានចក្ខុវិស័យ កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរ។

រដ្ឋលេខាធិការប្រចាំការ បានបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកសារគោលនយោបាយបានដាក់នូវយុទ្ធសាស្ត្រចំនួន១០ ដែលរួមមាន៖

* ១៖ ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល
* ២៖ ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ
* ៣៖ ការរៀបចំនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល
* ៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍
* ៥៖ ការរៀបចំអភិបាលកិច្ចរដ្ឋាភិបាលឌីជីថល
* ៦៖ ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងសេវាសាធារណៈ
* ៧៖ ការកសាងមូលធនមនុស្សឌីជីថល
* ៨៖ ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តឌីជីថល
* ៩៖ ការរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល
* និង១០៖ ការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចាប់យកវិស័យឌីជីថលនៅប្រឈមច្រើន រួមមាន ភាពមានកម្រិតនៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគាំទ្រដល់វិស័យឌីជីថល ភាពជឿទុកចិត្ត ចំណេះដឹង ជំនាញ ភាពជាអ្នកដឹកនាំឌីជីថល និងអក្ខរកម្មឌីជីថល។

អាស្រ័យហេតុនេះហើយ ទើបសាលាភូមិន្ទរដ្ឋបាល និងសាលាមុខងារសាធារណៈសិង្ហបុរី ដោយមានការគាំទ្រពីក្រសួងមុខងារសាធារណៈ និងមូលនិធិ Temasekអន្តរជាតិ បានរៀបចំអង្គសិក្ខាសាលានេះឡើង ដែលផ្តោតលើប្រធានបទមួយដ៏សំខាន់ គឺបរិវត្តកម្មឌីជីថល សម្រាប់វិស័យសាធារណៈ។ អង្គសិក្ខាសាលានេះ មានគោលបំណងចំនួន ៣សំខាន់ៗគឺ ១៖ ការពិភាក្សាអំពីបច្ចេកវិទ្យា និងនិន្នាការជាសកល, ២៖ ការពិភាក្សាអំពីឱកាស និងបញ្ហាប្រឈម ក្នុងការកសាងសេដ្ឋកិច្ចសង្គម និងរដ្ឋាភិបាលឌីជីថល និង ៣៖ការបង្ហាញអំពីវិធីសាស្ត្រនិងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន សម្រាប់បរិវត្តកម្មឌីជីថលនៅតាមអង្គភាព វិស័យ និងរដ្ឋាភិបាលទាំងមូលតែម្តង។

នៅក្នុងឱកាសនេះដែរ លោក យក់ ប៊ុនណា សង្ឃឹមយ៉ាងម៉ុតមាំថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ ដែលទទួលបានពុទ្ធិថ្មីៗបន្ថែមពីសំណាក់វាគ្មិននានាមកពីប្រទេសសិង្ហបុរី នឹងអាចយកទៅប្រើ ឬចែករំលែកបន្ត នៅតាមក្រសួង ស្ថាប័ន និងអង្គភាពរៀងៗខ្លួន ដើម្បីជំរុញប្រសិទ្ធភាពការងារ។

ក្នុងនាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខសាធារណៈ លោកបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះមូលនិធិ Temasek អន្តរជាតិ ស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា សាលាមុខងារសាធារណៈសិង្ហបុរី ដែលបាននិងបន្តផ្តល់ការគាំទ្រ និងកិច្ចសហការចំពោះការរៀបចំ និងអនុវត្តគម្រោងកាងសមត្ថភាពមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីសាលាភូមិន្ទរដ្ឋបាល ដែលបានប្រឹងប្រែងរួមគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធរៀបចំឲ្យមានសិក្ខាសាលានេះ។

សូមជម្រាបថា ដើម្បីគោរពតាមបទដ្ឋានសុខាភិបាល សម្រាប់ការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញដោយមានការអញ្ជើញចូលរួមពី លោកស្រី Joanne Ng តំណាងនាយកប្រតិបត្តិមូលនិធិ Temasek អន្តរជាតិ តំណាងសាលាមុខងារសាធារណៈសិង្ហបុរី សាស្ត្រាចារ្យ វាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំកម្រិតចាប់ពីប្រធាននាយកដ្ឋាន ដល់រដ្ឋលេខាធិការនៅថ្នាក់ជាតិ និងសិក្ខាកាមជាអភិបាលរង និងនាយករដ្ឋបាលសាលារាជធានី/ខេត្ត សរុបប្រមាណជិត ៣០០នាក់៕