(រតនគិរី)៖ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តរនគិរី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ឯកសារសាធារណៈក្លែងទៅសាលាដំបូងខេត្តរតនគិរី។
លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន២នាក់រួមមាន៖
*ទី១៖ ឈ្មោះ ឡុង សារ៉េត អាយុ៤៣ឆ្នាំ មុខរបរចាងហ្វាងកាសែត (BNN) រស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត
*ទី២៖ ឈ្មោះ លី លីន អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី រស់នៅភូមិទេសអន្លុង ក្រុងបានលុង ខេត្តរតនគិរី។
លោកវរសេនីយ៍ទោ គិន វណ្ណា បានប្រាប់ទៀតថា នៅម៉ោងកើតហេតុកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ ឡុង សារ៉េត បានជិះរថយន្ត១គ្រឿងម៉ាក NISAN NAVARA ពាក់ស្លាក់លេខភ្នំពេញ២AA-7387 ទៅឈប់នៅផ្សារទំនើបស៊ីត្រា ពេលនោះកម្លាំងជំនាញគយ និងរដ្ឋាករសាខាខេត្តរតនគិរី បានឃាត់ និងត្រួតពិនិត្យរថយន្តខាងលើឃើញថា គ្មានពន្ធ និងបានប្រើប្រាស់កាតគ្រីក្លែងដោយមានការសម្របសម្រួលពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត ឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ រួចក៏បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី លីន ជាមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាប់ពាក់ព័ន្ធករណីខាងលើមកធ្វើការសាកសួរតាមនីតិវិធី។
លោកវរសេនីយ៍ទោ គិន វណ្ណា បន្ថែមឲ្យដឹងទៀតថា វត្ថុតាងដកហូតរួមមាន៖
*ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយចំនួន១សន្លឹក
*ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក
*វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចំនួន១សន្លឹក។
លោក កែវ ភក្តី អ្នកនាពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្តរតនគិរី បញ្ជូនមកដល់សាលាដំបូងហើយ តែមិនទាន់បានសួរនាំនៅឡើយទេព្រោះពួកគាត់ត្រូវការមេធាវី៕