(ពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្ស ការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការអូរសោម ដោយបានការចូលរួមពីបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ បានចុះពិនិត្យជាក់ស្តែង ដល់ទីតាំងកើតហេតុ ដែលសត្វខ្លាឃ្មុំទះ និងចាប់ហែកខ្វាច ប្រជាពលរដ្ឋចំនួន០២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ត្រង់និយាមការ (0301726-1324273) នៅចំណុចទឹកធ្លាក់ឆាយបីជាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពីកម្លាំងមន្ត្រីឧទ្យានុរក្ស បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងកើតហេតុជាក់ស្តែង ក្រុមមន្ត្រីបានប្រទះឃើញស្លាកស្នាមសត្វជាប់អន្ទាក់ ហើយឃើញមានសំណាកសត្វនៅទីនោះដូចជា៖ ក្រចក១ ស្បែក និងរោមមួយចំនួន។ នៅក្បែនោះ ឃើញមានស្បែកជើង០២គូរ និងមួក០២ និងបានសារអន្ទាក់សត្វ ប្រភេទខ្សែលីឡុង បានចំនួន០៥ខ្សែ ចេញពីទីនោះ។
ប្រភពបានបន្ថែមថា ច្បាស់ណាស់ដែលយើងអាចដាក់ការសន្និដ្ឋានថា ជនរងគ្រោះទាំងពីរ គឺជាព្រានព្រៃ (អ្នកដាក់អន្ទាក់សត្វ) ហើយខ្លាឃ្មុំធំជាប់អន្ទាក់ជើងមួយចំហៀង ពេលឃើញពួកគាត់ទៅដោះអន្ទាក់ វាក៏ប្រឹងរើបំរាស់របូត រោម និងក្រចកជើងរួចចេញពីអន្ទាក់ ទើបចាប់ផ្ដើមវាយប្រហារលើជនរងគ្រោះទាំងពីរ ដើម្បីការពារ និងរត់គេចខ្លួន។
សូមបញ្ជាក់ថា នាវេលាម៉ោង ១២៖៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីសត្វខ្លាឃ្មុំទះ និងចាប់ហែកបណ្តាលឱ្យរងរបួសធ្ងន់មនុស្ស០២នាក់។
ជនរងគ្រោះមានឈ្មោះ ងុយ ងឿន អាយុ៣៣ឆ្នាំ ជាប្រជាការពារភូមិ (រងរបួសធ្ងន់) និងឈ្មោះ ភី ភក្តី អាយុ២៩ឆ្នាំ (រងរបួសធ្ងន់)។ ទាំងពីរនាក់រស់នៅចំណុចឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។
បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ កំពុងសម្រាកព្យាបាល នៅគ្លីនិចឯកជន ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕