(តាកែវ)៖ ក្រុមចោលួច ចោប្លន់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលបានធ្វើសកម្មភាពយ៉ាងកក្រើកនៅក្នុងខេត្តតាកែវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បំបែកសំបុកបានហើយ ដោយបានចាប់ខ្លួនក្រុមចោរជាក្មេងស្ទាវចំនួន៧នាក់។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលដឹកបានដឹកនាំប្រតិបត្តិការ តាមចាប់ក្រុមចោលួចចោរប្លន់នៅក្នុងខេត្តតាកែវបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថ កាលពីថ្ងៃទី៦ កក្ដដា ទទួលបានព័ត៌មានទីភ្នាក់ងារស៊ើបការណ៍ថា មានក្រុមទំនើបមួយក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូ៤គ្រឿង បានមកជួបជុំគ្នានៅផ្ទះគេទុកចោលមួយកន្លែង ក្នុងសង្កាត់រកាក្នុងក្រុងដូនកែវ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវចំនួន១៥នាក់ បានចុះដល់ទីតាំងខាងលើ ក៏ប៉ុន្តែក្រុមជនល្មើសបាននាំគ្នាបើកម៉ូតូគេចខ្លួនបន្សល់ទុកម៉ូតូមួយគ្រឿង និងវត្ថុតាងមួយចំនួន។
លុះដល់ថ្ងៃទី៧ ខែកក្កដា កម្លាំងសមត្ថកិច្ចបានតាមស្រាវជ្រាវក្រុមក្មេងទំនើងជាចោរលួចចោរប្លន់ទាំងអស់នោះ ដោយចាប់ខ្លួនជាបន្តបន្ទាប់បានចំនួន៦នាក់ និងរូបអូសបានវត្ថុតាងម៉ូតូចំនួន៣គ្រឿង និងថ្នាំញៀន៥កញ្ចប់។
លោក ង៉ែត ចាន់ធី បានបន្តថា ក្រោយចាប់ខ្លួនបាន ជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពថា ពួកគេដែលមានគ្នាជាង១០នាក់ ពិតជាបានធ្វើសកម្មភាពលួច ឆក់ប្លន់ និងកាប់ប្រជាពលរដ្ឋយកម៉ូតូតាមដងផ្លូវ នៅក្នុងភូមិសាស្រ្តខេត្តតាកែវ ពិតប្រាកដនាពេលកន្លងមក។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកងកងរាជអាវុធហត្ថកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕