(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកអំណោយដែលទទួលបានពីសប្បុរជនមកពីប្រទេសកាតា តាមរយៈសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា ជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ស្ថិតនៅទីធ្លាវិហារឥស្លាម ភូមិ៣ សង្កាត់់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក សេត ម៉ូហាំម៉ាត់ សុីស អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី, លោក ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក សា អះម៉ាត់ សង្កាត់រង តំណាងលោកសង្កាត់ច្រាំងចំរះទី១ និងប្រជាពលរដ្ឋជាង១៥០នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ាណ ណាវី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យក្លាយជាប្រទេសមានសុខសន្តិភាព ស្ថានភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនោះទៀតនោះ កម្ពុជាក៏ជាប្រទេសមួយទទួលបានការស្ញប់ស្ញែង និងកោតសរសើរពីសំណាក់ពិភពលោក ដែលកម្ពុជាអនុវត្តន៍បានយ៉ាងល្អលើសុខដុមរមនា មិនប្រកាន់ជាតិសាសន៍ និងសាសនា។

បន្ថែមពីនេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងបន្តអនុវត្តតាមវិធានការសុខាភិបាល ដើម្បីការពារពីការឆ្លងកូវីដ-១៩ ព្រោះថ្មីៗនេះជំងឺកូវីដ ត្រូវបានឆ្លងក្នុងសហគមន៍វិញក្រោយស្ងប់ស្ងាត់មួយរយៈ។

លោកស្រី ម៉ាណ ណាវី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមក ដែលធ្វើឲ្យសង្កាត់ច្រាំងចំរេះទី១ ឈ្នះការឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ជាង៦០ភាគរយ និងបានអំពាវនាវឲ្យពលរដ្ឋបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍបន្តទៀត។

សូមជម្រាបថា អំណោយដែលទទួលបានពីសប្បុរជនមកពីប្រទេសកាតា តាមរយៈសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា សម្រាប់១៥០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, មី១៦កញ្ចប់, ត្រីខ១០កំប៉ុង, ទឹកក្រូច១ដប, ស្ករស២គីឡូក្រាម, ប្រេងឆា១លីត្រ ដែលសរុបជាថវិកា១៥លានរៀល។

ជាមួយគ្នានោះ លោកស្រីបានឧបត្ថម្ភដល់គណៈកម្មការភូមិចំនួន៤ ក្នុងសង្កាត់ច្រាំងចំរេះទី១ ដែលក្នុង១ភូមិទទួលបាន២លានរៀល សរុបជាថវិកា៨លានរៀល ដើម្បីអបអរសាទរក្នុងការឈ្មោះការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅថ្មីៗនេះ៕