(សៀមរាប)៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងសហគ្រិននារីសកម្ម (WE Act) បានរៀបចំ «សន្និសីទថ្នាក់ខេត្តលើកកម្ពស់ការចូលរួមរបស់អ្នកដឹកនាំជាយុវជន និងសហគ្រិនស្ត្រីវ័យក្មេងជាមួយអាជ្ញាធរតំណាងរដ្ឋាភិបាល» ដែលជាកិច្ចសន្ទនាក្នុងន័យស្ថាបនារវាងមន្ត្រីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ជាមួយអ្នកដឹកនាំជាយុវជននិងសហគ្រិនស្ត្រី ដើម្បីពិភាក្សា និងចែករំលែកបញ្ហាប្រឈមរបស់ពួកគេមេរៀនដែលបានរៀន ការអនុវត្តល្អដែលទាក់ទងអំពីភាពជាពលរដ្ឋ និងសហគ្រិនភាព នៅទូទាំងខេត្តគោលដៅរបស់ WE Act រួមមាន៖ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពត កែប និងខេត្តព្រះសីហនុ។
បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃសុក្រ ទី៨ ខែក្កដានេះ, លោក អ៉ឹង គឹមលាង អភិបាលរងនៃគណអភិបាលខេត្តសៀមរាប បានថ្លែងក្នុងសុន្ទរកថាបើក ដោយបន្ថែមថា «ទាំងនេះសុទ្ធតែជាការរកឃើញ និងកិច្ចណែនាំល្អៗពីកិច្ចពិភាក្សាមួយនេះ។ ខ្ញុំនឹងយកប្រធានបទនេះសម្រាប់ការស្រាវជ្រាវបន្ថែមទៀតនៅថ្ងៃខាងមុខ ដើម្បីស្វែងរកដំណោះស្រាយសមរម្យសម្រាប់ខេត្តសៀមរាប ហើយកិច្ចណែនាំទាំងអស់នេះ ក៏អាចអនុញ្ញាតឲ្យអភិបាលខេត្តទូទាំងប្រទេសកម្ពុជាយកទៅពិចារណាផងដែរ»។
លោក អ៉ឹង គឹមលាង ក៏បានលើកទឹកចិត្តយុវជន និងសហគ្រិននារីវ័យក្មេងឱ្យចូលរួមក្នុងកិច្ចការងារសង្គម ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់រឹង និងការគាំពារសង្គម។
នៅក្នុងសន្និសីទនេះ មានអ្នកចូលរួមប្រហែល ៣០០នាក់ សរុបទាំងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ រួមទាំងអ្នកដឹកនាំយុវជន សហគ្រិនស្ត្រីវ័យក្មេង និងដៃគូអង្គការក្រៅរដ្ឋាភិបាល ដែលបានធ្វើការរួមគ្នាជាមួយមន្ត្រីរដ្ឋាភិបាលលើបញ្ហាការគ្រប់គ្រងសំណល់រឹង និងការគាំពារសង្គម។
អ្នកចូលរួមមកពីខេត្តផ្សេងៗគ្នា មានឱកាសភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងគោលបំណងដើម្បីរៀនពីការអនុវត្តល្អពីគ្នាទៅវិញទៅមក អំពីរបៀបដោះស្រាយបញ្ហាសហគមន៍រួមគ្នា នៅពេលមានការសហការវិជ្ជមានជាមួយរដ្ឋាភិបាលមូលដ្ឋាន។
លោក ជេម ក្រល នាយកប្រចាំតំបន់អាស៉ី-អឺរ៉ុបរបស់អង្គការផេក បានឲ្យដឹងថា «ខ្ញុំសង្ឃឹមថា ពួកយើងបានចាប់ផ្តើមបង្កើតមូលដ្ឋានគ្រឹះ ដែលសន្និសីទនេះអាចបន្ត ដើម្បីឱ្យយុវជន សហគ្រិនស្ត្រី ជនពិការ អ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសអាចបន្តមានជោគវាសនា ដែលពួកគាត់អាចមកចូលរួមកិច្ចសន្ទនាក្នុងន័យស្ថាបនាជាមួយសមភាគីរដ្ឋាភិបាល»។
នៅក្នុងសន្និសីទ យុវជន និងសហគ្រិនស្ត្រីវ័យក្មេងបានកំណត់បញ្ហាសំខាន់ៗ និងបានស្នើនូវសកម្មភាព និងដំណោះស្រាយរួមគ្នា ដែលត្រូវបានបង្ហាញដល់តំណាងរដ្ឋាភិបាលមកពីខេត្តនីមួយៗ។
ជាកិច្ចបញ្ចប់ តំណាងរដ្ឋាភិបាលខេត្ត ប្តេជ្ញាធ្វើការរួមគ្នាជាមួយយុវជន និងសហគ្រិនស្ត្រី ដើម្បីដោះស្រាយបញ្ហាអាទិភាពជុំវិញការគ្រប់គ្រងសំណល់រឹង និងការគាំពារសង្គម៕