(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៍ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា គោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា បាននិងកំពុងផ្តល់ជំនឿចិត្តយ៉ាងមុតមាំគ្រប់ដៃគូអភិវឌ្ឍន៍ និងមន្រ្តីអប់រំទូទាំងប្រទេស។
ការថ្លែងបែបនេះ ក្នុងឱកាសលោកស្រីបណ្ឌិត សឿ សុជាតា អញ្ជើញដឹកនាំក្រុមការងារ និងអង្គការដៃគូរហ្រ្វេនហូឡូ ចុះពិនិត្យសុខភាពភ្នែក និងផ្តល់វ៉ែនតាជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នាឱកាសនោះ លោកស្រី ក៏បានថ្លែងអំណរគុណដល់មន្រ្តីអប់រំគ្រប់ថ្នាក់ បុគ្គលិកអង្គការដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រ គោលនយោបាយជាតិ ស្តីពីសុខភាពសិក្សាលើកកម្ពស់សុខភាពសិក្សា និងចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលបន្តរក្សាបាននូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។
លោកស្រីបន្តទៀតថា គោលនយោបាយជាតិស្តីពីសុខភាពសិក្សា ដែលបាននិងកំពុងផ្តល់ជំនឿចិត្តយ៉ាងមុតមាំពីគ្រប់ដៃគូអភិវឌ្ឍន៍ មន្រ្តីអប់រំទូទាំងប្រទេស សិស្សានុសិស្ស និងសហគមន៍ ក្នុងដំណើរឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលមានចំណេះសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទាជាពលរដ្ឋវិជ្ជមាន ពលរដ្ឋសកម្មសម្រាប់បច្ចុប្បន្ននិងអនាគត៕