(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រាបុត្រី និង ចៅៗព្រមទាំង ក្រុមប្រឹក្សាញាតិ និងសហការី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំពិធីសូត្រមន្តវេរទៀនចំណាំព្រះវស្សាប្រគេនព្រះសង្ឃចំនួន៤០វត្ត និង២អាស្រម ព្រមទាំងប្រគេនសម្ភារ និងបរិក្ខាប្រគេនព្រះសង្ឃដែលនិមន្តមកពីវត្តទូទាំងស្រុកកណ្តាលស្ទឹង វត្តត្រពាំងវែងវត្តអន្លង់គគីរ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ វត្តចន្ទបូរីវង្សខណ្ឌព្រែកព្នៅ និង៣វត្តមកពីក្រុងតាខ្មៅខេត្តកណ្កាល ដើម្បីឧទ្ទិសកុសលជូនដល់បុពការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
សម្ភារប្រគេនវត្ត និងអាស្រមនីមួយៗរួមមាន៖ ទៀនចំណាំព្រះវស្សា ០១គូរ អង្គរ២០០គីទ្បូក្រាម ទឹកក្រូច០៥កេស ទឹកដោះគោ១០កំប៉ុង ទឹកបរិសុទ្ធ០៥កេស មី០៥កេសតូច ទឹកត្រី០២យួរ ទឹកសុអីវ០២យួរ ប៊ីចេង០២គីឡូក្រាម ត្រីខ០៤យួរ ប្រគេនបច្ច័យមួយៗអង្គ២០ម៉ឺនរៀល និងជូនសាលាស្រុក២លានរៀលផងដែរ។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមរលំរលាយ បង្រួបបង្រួមជាតិ ឯកភាពទឹកដី កងទព័ជាតិតែមួយគ្មានតំបន់អប្បគមន៍ នាំលទ្ធិប្រជាធិប្បតេយ្យ និងការបោះឆ្នោតដោយសេរីពហុបក្សនៅកម្ពុជា នាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់កំណើនសេដ្ឋកិច្ចជាលំដាប់។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានថ្លែងទៀតថា សម្ដេចតេជោ ហ៊ុន សែន ជាវីរៈបុរសរដ្ឋមានទឹកចិត្តក្លាហានមិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រទេសជាតិ។ សម្ដេច បានទទួលគោរម្យងារមេដាយសន្តិភាពជាច្រើនពីអន្តរជាតិ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា «សព្វថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រែក្លាយអតីតតំបន់សមរភូមិសង្រ្គាម និងតំបន់ព្រំដែនជាប់ប្រទេសជិតខាងឱ្យក្លាយជាតំបន់ទីផ្សារអភិវឌ្ឍន៍ ព្រំដែនសន្តិភាព មិត្តភាពសាមគ្គីភាព រក្សាការពារនូវបូរណភាពទឹកដីឱ្យបានគង់វង្ស១៨១០៣៥គីឡូម៉ែត្រការ៉េ។ សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព, មានសម្ដេចតេជោ ប្រទេសមានសុខសន្តិភាពការអភិវឌ្ឍន៍ និងមានព្រំដែនមិនកែប្រែ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿកុំចាញ់បោកការឃោសនារបស់ជនអគតិ និងកុំចូលរួមសកម្មភាពប៉ុនប៉ងណាមួយដែលបំផ្លាញដល់សន្តិសុខជាតិសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យសោះជាទង្វើខុសច្បាប់ និងបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់ ដើម្បីដឹកនាំ ប្រទេសធ្វើការអភិវឌ្ឍឱ្យរីកចម្រើនបន្តទៅមុខទៀត៕