(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកជំទាវ ញ៉ែម សាខន សខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ និងក្រុការងារមួយចំនួនទៀត បានអញ្ជើញចូលរួមជួបសំណេះសំណាល និងចែអំណោយមនុស្សធម៌ដល់ពលរដ្ឋក្រី ក្រចំនួន៥០០គ្រួសារមកពី១០សង្កាត់ក្នុងក្រុងបាត់ដំបង។
ថ្លែងក្នុងឱកាសនោះលោក ស សុខា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, រាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរៀងរហូតមក ហើយក្រុមការងារយើងតែងបានចុះធ្វើសកម្មភាពការងារមនុស្សធម៌នេះជាបន្តបន្ទាប់នៅតាមបណ្តាក្រុងស្រុកផ្សេងទៀត ក្នុងខេត្តបាត់ដំបងបានជាង៥ម៉ឺនគ្រួសារ កន្លងមក។
លោក ស សុខា បានអំពាវនាវដល់ពលរដ្ឋទាំងអស់ថា សូមបងប្អូនជួយក្នុងការទប់ស្កាត់ការធ្វើចរាចរ ក៏ដូចជាការចែកចាយគ្រឿងញៀននៅតាមសហគមន៍ បន្ថែមលើការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។ ជាពិសេសសូមនាំកូនចៅដែលបានចាក់វ៉ាក់សាំងការពារនៃជំងឺកូវីដ១៩ ខ្លះហើយ ត្រូវចាក់ដូសបន្តគឺដូសទី៣ ទី៤ និងទី៥ បន្ថែមទៀតឲ្យបានគ្រប់ៗគ្នា ព្រោះជាគោលការណ៍របស់សុខាភិបាលបានបញ្ជាក់ថា ចាក់ម្តងអាចការពារបានរយ:ពេល៦ខែប៉ុណ្ណោះទេ។
លោក ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះប្រជាពលរដ្ឋដែលបានបំពេញតួនាទីរបស់ខ្លួន គឺបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ កន្លងថ្មីៗនេះបានគ្រប់ៗគ្នា ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបាននាំមុខឈ្នះលើសលុបដាច់ លើបក្សផ្សេងប្រកបដោយដោយជោគជ័យ។
លោក ស សុខា បានបញ្ជាក់ថា ក្នុងវិស័យអប់រំយើងក៏បានទទួលសំណើរពីថ្នាក់មូលដ្ឋានសុំសាងសង់អគារសិក្សាមានចំនួនជាង៣០០បន្ទប់ ក្នុងសាលានានា ក្នុងខេត្តបាត់ដំបង ខ្លះក៏ធ្វើហើយដាក់ឲ្យប្រើប្រាស់ ខ្លះកំពុងធ្វើ ពេលធ្វើរួចនឹងប្រគល់ដាក់ឲ្យប្រើប្រាស់តាមក្រោយទៅតាមជាក់ស្តែង។
ក្នុងឱកាសនោះលោក ស សុខា និងក្រុមការងារ បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ទៅចែកជូនពលរដ្ឋក្រីក្រទាំង៥០០គ្រួសារ មក១០សង្កាត់ក្នុងក្រុងបាត់ដំបង ដោយ១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, ត្រីខកំប៉ុង១យួរ, មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ, ក្រមា១ និងថវិកាមួយចំនួន៕