(ភ្នំពេញ)៖ រយៈពេលបីថ្ងៃ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលតាមអធិការដ្ឋានខណ្ឌមួយចំនួន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ២៩នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត១០០កញ្ចប់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ដោយធ្វើឡើងទូទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្ដែនគរបាលខណ្ឌដែលបង្ក្រាបបាន មានចំនួន៥ខណ្ឌ ក្នុងនោះមាន ទី១ខណ្ឌច្បារអំពៅ បង្ក្រាបជាក់ស្តែង៤លើក នៅចំណុចភូមិដើមស្លែង ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅ២ ភូមិតាងៅ ក្នុងសង្កាត់និរោធ ភូមិអណ្តូង ក្នុងសង្កាត់ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យ៦នាក់ ស្រី២នាក់ ដកហូតថ្នាំញៀន៣កញ្ចប់តូច និង១កញ្ចប់ធំ ទី២ខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្តែង៨លើក នៅចំណុចផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ១៩នាក់ ដកហូតថ្នាំញៀន៨កញ្ចប់តូច ម៉ូតូ៨គ្រឿង ទី៣ខណ្ឌដូនពេញ បានស្រាវជ្រាវបង្ក្រាបជាក់ស្តែង១លើក នៅចំណុចផ្លូវរថភ្លើង ទល់មុខក្តាន់ពីរ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ១នាក់ ដកហូតថ្នាំញៀន៧០កញ្ចប់តូច និង១កញ្ចប់ធំ ទី៤ខណ្ឌប្ញស្សីកែវ បានបង្ក្រាបជាក់ស្តែង១លើក នៅចំណុចភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ១នាក់ ដកហូតថ្នាំញៀន២កញ្ចប់ និងទី៥ខណ្ឌសែនសុខ បានបង្ក្រាបជាក់ស្តែង១លើក នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ២នាក់។ បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនខ្លូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕