(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដឹកនាំដោយ លោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុប ៤៤គ្រួសារ រស់នៅសង្កាត់ទំនប់ទឹក ក្នុងខណ្ឌបឹងកេងកង ទុកដោះស្រាយជីវភាព ខណៈជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃនៅចំពោះមុខ។
នាឱកាសនោះ លោក ធឹម សំអាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធាន តែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ។
លោក ធឹម សំអាន បានឱ្យដឹងទៀតថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រទាំង ៤៤គ្រួសារនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដោះស្រាយ ជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់បានមួយគ្រាផងដែរ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តវិធានការណ៍ការពារខ្លួនជានិច្ចគឺ ៣ការពារ និង៣កុំ។
សួមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ២ដប មី១០កញ្ចប់ ស្ករស ១គីឡូក្រាម ត្រីខ៤កំប៉ុង និងជែលលាងដៃ១ដប៕