(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ, លោកស្រី ជុក សុផានី សមាជិការក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយស, លោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការ ព្រមទាំងលោកស្រីសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បាននាំយកទៀនវស្សា និងទេយ្យទានមួយចំនួន ប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សា គឺវត្តឯការាម ស្ថិតក្នុងសង្កាត់ចំរើនផល វត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងបូជនីយដ្ឋាន ឧកញ៉ា ឃ្លាំងមឿន និងលោកជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
លោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានលើកឡើងថា ឆ្នាំនេះតាមប្រតិទិនបានឱ្យដឹងថា ពិធីបុណ្យចូលព្រះវស្សា នៅថ្ងៃ០១រោជ ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២២ ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជា គោរពប្រតិបត្តិជារៀងរាល់ឆ្នាំ ទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។ ដូចនេះហើយបានជាប្រតិភូសាខាសមាគមនារីខេត្ត តែងតែមានសទ្ធា ជ្រះថ្លា និងនាំយកទៀនវស្សា បច្ច័យ និងទេយ្យវត្ថុមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាស ក្នុងទីវត្តអារាមរួមមាន វត្តឯការាម និងវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ក្នុងក្រុងពោធិ៍សាត់ និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ដោយក្នុងមួយវត្ត ទៀនចំណាំព្រះវស្សាមួយគូរ បច្ច័យ៥០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ក្រៅពីនោះមានទឹកក្រូច មី ទឹកសុទ្ធ ត្រីប្រាហើម ត្រីងៀត សៀង តែ ស្កសរ ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូលាងចាន ប៉ុងលាងចាន ខ្ទឹមស អំបោស ប្រេងសណ្តែក និងទឹកផ្លែឈើមួយចំនួនទៀត។
នៅក្នុងឱកាសនោះលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានសម្តែងទឹកចិត្តរីករាយ ព្រោះយល់ឃើញថា ព្រះសង្ឃតាមវត្តនីមួយៗ បានខិតខំ និងជួយបណ្តុះបណ្តាលព្រះសង្ឃបានល្អ និងទទួលបាននូវចំណេះដឹង ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
ទោះជាយ៉ាងនេះក៏ដោយ សូមឱ្យទីវត្តអារាម គប្បីរៀបចំឱ្យមានរបៀបរៀបរយ មានអនាម័យបរិស្ថានល្អ និងបន្តអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ទោះបីបច្ចុប្បន្ននេះ កម្ពុជាគ្រប់គ្រងបានល្អ ចំពោះជំងឺកូវីដ១៩ តាមរយៈការប្រឹងប្រែងចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានថ្លែងទៀតថា មនុស្សគ្រប់រូប ជាពិសេសព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ ត្រូវការជាចាំបាច់នូវសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចនេះត្រូវតែរួមគ្នាពង្រឹងការប្រតិបត្តិធម៌វិន័យ និងចូលរួមលើកស្ទួយថែរក្សា ព្រះពុទ្ធសាសនាឱ្យបានល្អប្រសើរ ស្របទៅនឹងការលើកស្ទួយរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
តាមរយៈនេះដែរលោកស្រី ឯម ប៉ុណ្ណា ក៏បានឧទ្ទិសបុណ្យកុសលដែលកើតចេញពីសទ្ធាជ្រះថ្លានាថ្ងៃនេះ ចែកជូនញាតិការទាំងប្រាំពីសន្តាន បុព្វការីជន វីរៈយុទ្ធជនស្នេហាជាតិគ្រប់ៗរូប ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុជាតិមាតិភូមិនិងនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានថ្លែងអំណរគុណចំពោះលោកស្រី លាង ហៃ ជាវតាយ ប្រធានកិត្តិយសសាខា និងលោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិកាគ្រប់មន្ទីរអង្គភាព ដែលបានចូលរួមទាំងថវិកា សម្ភារៈសម្រាប់ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងសាខា កាន់តែរីកសាយ និងស្ថិតស្ថេររហូត៕